(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មូហាម៉េដ សាអេដ សាហ្វី អាល់-ហាចរី (Muhammad Saeed Shafi Al-Hajri) ឯកអគ្គរាជទូតកូវ៉ែតប្រចាំកម្ពុជា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាបន្តជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ នាឱកាសដែលលោកឯកអគ្គរាជទូត ចូលជួបសម្តែងការគួរសម កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីមធ្យោបាយនានា ដើម្បីជំរុញបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យមួយចំនួន រួមមាន ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការរុករកប្រេង/ឧស្ម័ន។

លោក ឧបនាយករដ្ឋមន្ត្រី បានសង្ឃឹមថា សកម្មភាពរួមគ្នាមួយចំនួន នឹងត្រូវយកមកពិនិត្យនិងរៀបចំ ដើម្បីអបអរសារទរខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-កូវ៉ែត នៅឆ្នាំ២០២៤។

ឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរាជទូត បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់មួយចំនួន រួមទាំង កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ។ លោកឯកអគ្គរាជទូតថ្មី បានអបអរសាទរកម្ពុជាចំពោះជោគជ័យនៃការធ្វើជាប្រធានអាស៊ាន កាលពីឆ្នាំមុន ផងដែរ៕