(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌមានជ័យ សហការជាមួយ​​កម្លាំងអន្ដរាគមន៍ពិសេស នៃស្នងការដ្ឋាន​នគរបាលក្រុង បានធ្វើការឃាត់ខ្លួនជនសង្ស័យ​២នាក់ប្ដីប្រពន្ធ និងដកហូតបានថ្នាំញៀន៣កញ្ចប់ ព្រមទាំងម៉ូតូSL មួយគ្រឿង ខណៈដែលកម្លាំង​កំពុងតែល្បាតក្នុងមូលដ្ឋាន។

ការឃាត់ខ្លួននេះ ធ្វើឡើងនៅយប់ឈានចូលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ នៅចំណុចភូមិណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មន្ដ្រីនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ប្ដីឈ្មោះ សឿន ចន្ធី អាយុ៣៧ឆ្នាំ ប្រពន្ធឈ្មោះ ហៃ ស្រីរ័ត្ន អាយុ២២ឆ្នាំ ទាំងពីរនាក់នេះ សា្នក់នៅចល័តតាមផ្ទះជួល។

​មន្ដ្រីនគរបាលបាន បន្ថែមថា បន្ទាប់ពីធ្វើការឃាត់ខ្លួនកម្លាំងសមត្ថកិច្ចដកហូតបាន ថ្នាំញៀន៣កញ្ចប់ ជញ្ជីងអេឡិចត្រូនិច១គ្រឿង ម៉ូតូSL ១គ្រឿង​ ពាក់ស្លាកលេខភ្នំពេញ1BD-6333 និងសម្ភារៈ​មួយចំនួនទៀត។ បច្ចប្បន្នជនសង្ស័យទាំងពីរ ត្រូវបានកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕