(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងសិក្ខាសាលាស្តីពី «វឌ្ឍនភាពការងារការទូតសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣» នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានសំណូមពរឲ្យទទួលភ្ញៀវបរទេសដោយម្ហូបខ្មែរ។

ក្នុងសិក្ខាសាលាដែលធ្វើឡើងនៅសណ្ឋាគារ Hyatt Regency Phnom Penh លោកប្រមុខការទូត បានបញ្ជាក់យ៉ាងដូច្នេះថា «ជាសំណូមពរ ដែលខ្ញុំចង់លើកទឹកចិត្តដល់គ្រប់ក្រសួង ស្ថាប័នវិស័យឯកជន ក៏ដូចជាស្ថានតំណាងយើង ឲ្យទទួលភ្ញៀវបរទេសដោយម្ហូបខ្មែរ ដើម្បីលើកស្ទួយម្ហូបយើងក្នុងកម្រិតសក្តិសម។ ខ្ញុំក៏សូមលើកទឹកចិត្តឲ្យសណ្ឋាគារ ភោជនីយដ្ឋានយើង បម្រើម្ហូបខ្មែរប្រកបដោយគុណភាព និងរសជាតិខ្ពស់»។

ដើម្បីជាការរួមចំណែកដល់ការពិភាក្សា លោកក៏បានបំផុសគំនិតឲ្យអង្គសិក្ខា-សាលា គួរយកប្រធានបទមួយចំនួន មកវិភាគ និងរកចំលើយ/ដំណោះស្រាយដែរ រួមមាន៖

* ផ្អែកលើការអនុវត្តកន្លងមក តើក្រសួង និងស្ថានតំណាងកម្ពុជានៅបរទេសគួរកែសម្រួលផែនការសកម្មភាពបែបណា ដើម្បីសម្រួចការងារការទូតសេដ្ឋកិច្ច ពិសេសដើម្បីទាក់ទាញវិនិយោគ ទេសចរណ៍ និងពាណិជ្ជកម្ម មកកម្ពុជា បន្ថែម?

* តើមានវិស័យណាខ្លះ ដែលមានសក្តានុពល និងកំពុងស្វែងរកទុនបន្ថែមពីវិនិយោគិនបរទេស?

* តើក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិសេសវិស័យឯកជន បានកំពុងជួបប្រទះបញ្ហាប្រឈមអ្វីខ្លះ ហើយមានតម្រូវការ ឬសំណូមពរបែបណាដែលក្រសួងការបរទេស តាមរយៈក្រុមការងារការទូតសេដ្ឋកិច្ច អាចជួយដោះស្រាយ ក្នុងន័យរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា?

លោក ប្រាក់ សុខុន សង្ឃឹមថា អង្គសិក្ខាសាលាទាំងមូលនឹងចូលរួមធ្វើផ្តល់ធាតុចូលបន្ថែម ដើម្បីកែលម្អការអនុវត្តការទូតសេដ្ឋកិច្ចកម្ពុជា ឱ្យស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងគោលនយោបាយជាតិ។ ហើយលោកក៏លើកទឹកចិត្តឱ្យមន្ត្រីការទូតកម្ពុជា ពិសេសស្ថានតំណាងកម្ពុជានៅបរទេស បន្តខិតខំប្រឹងប្រែងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីទាញយកអត្ថប្រយោជន៍ពីកាលានុវត្តភាពថ្មីៗ ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដែលមានស្រាប់ ដើម្បីការធ្វើពិពិធកម្មប្រភពកំណើនរបស់ខ្លួន និងពង្រីកសក្តានុពលសេដ្ឋកិច្ច៕