(យូអិន)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិលោក បាន គីមូន, ប្រទេសអូស្ត្រាលី, និង សហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសក្នុងកម្រិតធ្ងន់ធ្ងរបំផុត ចំពោះការវាយប្រហារដោយក្រុមបំផ្ទុះគ្រាប់បែក អត្តឃាតនៅព្រលានយន្តហោះធំបំផុតទីបីនៅអឺរ៉ុប ស្ថិតក្នុងទីក្រុង អ៊ីស្តង់ប៊ុល ប្រទេសតួកគី ដែលបានបណ្តាលឲ្យ មនុស្ស ៣៦នាក់ស្លាប់ និង ១៤៧នាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយពីស៊ិនហួរ នៅមុននេះបន្តិច នាព្រឹកថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០១៦។

នៅព្រឹកថ្ងៃពុធ នេះលោក បាន គីមូន បានថ្លែងថា «ខ្ញុំនឹងឈរនៅជាមួយតួកគី ដើម្បីប្រឈមមុខចំពោះ ការវាយប្រហារនានា ហើយអន្តរជាតិបានធ្វើការថ្កោលទោសក្នុងកម្រិតធ្ងន់ធ្ងរបំផុត ចំពោះការវាយប្រហារនៅ ព្រលានយន្តហោះ និងបានអំពាវនាវឲ្យមានប្រតិបត្តិការ លុបបំបាត់អំពើភេរវកម្មដ៏អាក្រក់បំផុតនេះ»។ ដោយឡែក រដ្ឋាភិបាលអាមេរិក និងអូស្ត្រាលី ក៏បានចេញមុខថ្កោលទោស អំពើភេរវកម្មខាងលើនេះដែរ ខណៈនៅមិនទាន់ដឹងថា ក្រុមណាមួយជាអ្នកស្ថិតនៅពីក្រោយខ្នងនោះទេ សូម្បីតែក្រុម ISIS ក៏ទាន់ចេញមុខថ្លែងអ្វីដែរ៕