(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីរំលឹកខួបទី ៦៥ឆ្នាំ ថ្ងៃបង្កើតស្ថាប័នគយ និងរដ្ឋាករកម្ពុជា។ ពិធីរំលឹកខួបទី៦៥ឆ្នាំ ថ្ងៃបង្កើតស្ថាប័នគយ និងរដ្ឋាករកម្ពុជា បានរៀបចំនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។

ខាងក្រោមនេះ ជាប្រសាសន៍សំខាន់ៗ​ របស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា និយាយដល់ការបង្កើតស្ថាប័នគយ និងរដ្ឋាករឡើងវិញ នៅក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ ត្រូវនឹកឃើញដល់វីរជនម្នាក់ គឺលោក តាំង សារឹម អតីតរដ្ឋមន្រ្តីពាណិជ្ជកម្ម ដែលបានផ្តួចផ្តើមបង្កើតឡើងវិញ​នូវស្ថាប័នមួយនេះ។

* សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា ក្រោយថ្ងៃរំដោះនេះប្រទេសកម្ពុជា មិនមានក្រសួងស្ថិតក្នុងចង្កោមសេដ្ឋកិច្ច ដូចជាក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច...នោះឡើយ។ សម្តេចតេជោ ក៏បានរំលឹកពីប្រវត្តិស្មុគស្មាញ នៃការរៀបចំក្រសួង ស្ថាប័ននានា នៅក្នុងថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩។ ដើម្បីលុបបំបាត់ភាពស្មុគស្មាញទាំងនេះ ក្រោយពេលឡើងធ្វើជានាយករដ្ឋមន្រ្តី សម្តេចក៏បានចាប់ផ្តើមធ្វើកំណែទម្រង់ ដោយយកស្ថាប័នគយ និងរដ្ឋាករកម្ពុជា ចេញពីក្រសួងពាណិជ្ជកម្ម។

* សម្តេចតេជោ ហ៊ុន សែន បានព្រមានទៅលោក កឹម សុខា កុំឲ្យព្រហើន គឺប្រឈមនិងគុកគ្មានថ្ងៃចេញនោះឡើយ។ សម្តេចតេជោ ថ្លែងថា កម្លាំងប្រជាពលរដ្ឋ មិនអាចទប់ទល់បាននោះឡើយ ប្រសិនបើកម្លាំងសមត្ថកិច្ចចង់ចាប់ខ្លួននោះ កុំគំរាមធ្វើបាតុកម្ម។ សម្តេចតេជោ បានរំលឹកថា លោក កឹម សុខា គឺជាចោរលួចអង្ករ ពេលធ្វើជាចៅសង្កាត់រងទឹកល្អក់។

* សម្តេចតេជោ បើទោះបីលោក កឹម សុខា មិនចេញមុខក៏ដោយ ក៏នៅតែមានថ្ងៃគេចាប់ គ្មានថ្ងៃរួចខ្លួននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅអង្គទូតនានា កុំឲ្យលូកដៃចូលក្នុងប្រព័ន្ធច្បាប់របស់កម្ពុជា។ សម្តេចតេជោ ក៏បានផ្តាំផ្ញើទៅទូតសហភាពអឺរ៉ុបនៅកម្ពុជា ត្រូវធ្វើកំណែទម្រង់លើការប្រភពទទួលព័ត៌មាន និងអង្គហេតុ និងអង្គច្បាប់ឲ្យបានច្បាស់លាស់។ សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានទៅបរទេសនានា កុំប្រើជំនួយ ដើម្បីដាក់ការកៀបសង្កត់មកលើកម្ពុជា។

* សម្តេចតេជោ ក៏បានរំលឹកថា ធនាគារពិភពលោក ធ្លាប់បានបញ្ចុះបញ្ចូលសម្តេចឲ្យលក់ស្ថាប័នគយ ឲ្យទៅវិស័យឯកជន តែសម្តេចបានបដិសេធ ដោយមិនអនុញ្ញាតឲ្យនរណាកៀបសង្កត់នោះឡើយ។

* ឆ្លើយតបការព្រួយបារម្ភរបស់ទូតជប៉ុន ខ្លាចដំណើរការ នៃការចុះបញ្ជីឈ្មោះបោះឆ្នោតមិនបាននោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុំមានការព្រួយបារម្ភ បើទោះបីគណបក្សប្រឆាំងមិនចុះ ក៏ប្រជាពលរដ្ឋនៅតែចុះដដែល។ សម្តេចតេជោ បានបន្តថា ប្រទេសដែលចង់ជួយថវិកា ដើម្បីធ្វើការចុះបញ្ជីនេះ ជួយក៏ជួយ មិនជួយក៏មិនអីដែរ កុំយកបញ្ហានេះ មកកៀបសង្កត់កម្ពុជា ក្នុងរឿងអនុវត្តច្បាប់លើលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់នាយករដ្ឋមន្រ្តីឡាវថា បើមានបញ្ហាពាក់ព័ន្ធសមុទ្រចិនខាងត្បូង សូមទម្លាក់កំហុសមកកម្ពុជាចុះ, កម្ពុជាមិនត្រឹមតែមិនឯកភាពទេ ថែមទាំងប្រឆាំងទៀតផងលើរឿងហ្នឹង !

* មុននឹងបញ្ចប់សុន្ទរកថា សម្តេចតេជោ ឆ្លៀតសុំទោស និងផ្តាំផ្ញើទៅស្ថានទូតនានា កុំឲ្យធ្វើជាសេកបន្ទរតាមពាក្យបុគ្គលមួយចំនួន ធ្វើឲ្យមានភាពល្អកកករនូវទំនាក់ទំនងជាមួយកម្ពុជា ហើយក៏មិនគួរយកបញ្ហាជំនួយមកកៀបសង្កត់កម្ពុជានោះដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង ៩៖១១នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ៕