(ភ្នំពេញ)៖ ប្រធានគណបក្សសញ្ជាតិកម្ពុជា និងសមាជិក សមាជិកា ថ្នាក់ដឹកនាំគណបក្សនេះទាំងអស់គ្នា បានផ្ញើសារជូនសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយចូលរួមរំលែកទុក្ខ និងសម្ដែងការសោកស្ដាយបំផុត ចំពោះមរណភាពលោកជំទាវ ប៊ុន សុថា ដែលត្រូវជាប្អូនស្រីពៅរបស់សម្ដេច។

លោក សេង សុខេង បានគូសបញ្ជាក់បន្ថែមថា «ក្នុងនាមថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គណបក្សសញ្ជាតិកម្ពុជា មានសេចក្តីសោកស្តាយ ទុក្ខក្រៀមក្រំក្រៃលែង និង សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយ សម្ដេចទាំងទ្វេ និងក្រុមគ្រួសារនៃសពលោកជំទាវ ប៊ុន សុថា ដោយសេចក្តីសង្វេក និងសេចក្តីគោរព»។

សូមបញ្ជាក់ថា លោកជំទាវ ប៊ុន សុថា បានទទួលមរណភាព នៅវេលាម៉ោង ៦:១៣ នាទីល្ងាច ថ្ងៃសុក្រ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវ នឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។

សពលោកជំទាវ ត្រូវតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពនឹងដង្ហែ ទៅបញ្ចុះនៅវត្តបទុមវតី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣៕