(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ក្រុមដែលបន្តបំភ្លៃព័ត៌មានថា «សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត កំពុងមានជំងឺជាទម្ងន់ ខណៈប្អូនស្រីពៅទទួលមរណភាពនោះ» គឺគ្មានសារជាតិជាមនុស្សនោះឡើយ។

តាមរយៈបណ្ដាញសង្គមនៅយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «ភរិយាខ្ញុំមានបងប្អូន៥នាក់ ស្រី៣នាក់ប្រុស២នាក់។ បងប្រុសទី៣ ត្រូវប៉ុល ពត សម្លាប់ ពេលនេះប្អូនស្រីពៅមរណភាពដោយជំងឺ ក្នុងពេលបងស្រីទីមួយទើបបានមកចូលរួមដោយគាត់មានជម្ងឺផងដែរ»

សម្ដេចបានបន្តថា «មុននេះបន្តិចក្រុមអាក្រក់នៅក្រៅប្រទេសថា ភរិយាខ្ញុំកំពុងមានជំងឺជាទម្ងន់ក្នុងពេលដែលភរិយាខ្ញុំ មិនបានឃ្លាតឆ្ងាយពីប្អូនស្រីតាំងពីមុនចែកឋានរហូតមកនៅក្នុងក្តារម្ឈូស។ ខ្ញុំចង់ប្រាប់ទៅជនអាក្រក់ថា បើមេរបស់អ្នកអាក្រក់សូមអ្នករក្សាខ្លួនជាមនុស្ស និងខិតខំរក្សាសុខភាពរបស់អ្នកជាជាងមករករឿងគ្រួសារខ្ញុំ។ ពិតជាអាក្រក់កែមិនបានទាំងមេទាំងកូន ដែលគ្មានសារជាតិជាមនុស្សសោះ»

ការរិះគន់របស់សម្ដេចតេជោ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំងជ្រុលនិយម បានលាបពណ៌ជាបន្តបន្ទាប់ មកលើក្រុមគ្រួសារ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ខណៈដែលក្រុមគ្រួសារទាំងមូល កំពុងកាន់ទុក្ខចំពោះមរណភាពរបស់ លោកជំទាវ ប៊ុន សុថា ដែលជាប្អូនពៅរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៕