(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ បានសម្រេចដកពាក្យបណ្តឹងលើលោក គង់ គាំ វិញហើយ។ ពាក្យសុំដកពាក្យបណ្តឹងនេះ បានដាក់ចូលទៅសាលាដំបូងខេត្តត្បូងឃ្មុំនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅក្នុងលិខិតសុំដកពាក្យបណ្តឹង ដែល Fresh News ទទួលបាននៅយប់ថ្ងៃទី៥ ខែកុម្ភៈនេះ ទាំងមេធាវី និងតំណាងដើមបណ្តឹង បានឱ្យគូសបញ្ជាក់ថា ការដកពាក្យបណ្តឹង ដោយសារតែលោក គង់ គាំ បានសារភាពទទួលស្គាល់នូវទោសកំហុស និងបានធ្វើការសុំអភ័យទោសជាសាធារណៈទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រមុខគណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា តំណាងគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ បានប្តឹងលោក គង់ គាំ បន្ទាប់ពីលោកបានធ្វើការអធិប្បាយ នាំឱ្យប៉ះពាល់ដល់គណបក្សប្រជាជនកម្ពុជា៕