(កំពង់ធំ)៖ លោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ និងលោក ឌៀប ពិរី សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីរាជការ ពុទ្ធបរិស័ទ រសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានចូលរួមក្នុងពិធីបុណ្យមាឃបូជាដែលបានប្រារព្ធធ្វើឡើងនៅវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ ស្ថិតក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

បុណ្យមាឃបូជាប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោកនាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំមុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។ ការបង្កើតព្រះពុទ្ធសាសនាក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោមព្រះសង្ឃចំនួន១,២៥០អង្គ ជាសមាជិកក្នុងអង្គ មហាសន្និបាតមួយដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។ នៅក្នុងមហាសន្និបាតនោះព្រះសម្មាសម្ពុទ្ធទ្រង់បានប្រកាសនៅគោលការណ៍មួយចំនួន១១ សម្រាប់ឲ្យសមាជិកសន្និបាតទាំងអស់កាន់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយដល់ជនដទៃទៀតឲ្យបានយល់ពីពុទ្ធសាសនា។

បច្ចុប្បន្នសង្កេតឃើញវត្តអារាម ព្រះសង្ឃ វិស័យព្រះពុទ្ធសាសនាមានរីកចម្រើន ទាំងទីក្រុងនិងជនបទ ហើយភាគច្រើនប្រជាពលរដ្ឋខ្មែរស្ទើរ ៩០% គឺជាអ្នកគោរពប្រតិបត្តិព្រះពុទ្ធសាសនាច្រើន ជំនាន់កន្លងទៅនិងនាបច្ចុប្បន្ននេះដោយតិថីថ្ងៃនេះ ជាថ្ងៃប្រកបដោយអភិលក្ខិតសម័យពុទ្ធសាសនិកជនគ្រប់រូប ប្រទេសទាំងអស់ ក្នុងពុទ្ធសាសនមណ្ឌលតាំងពីបុរាណកាលតរៀងមកបានកំណត់យកថ្ងៃពេញបូណ៌មី ខែមាឃ រាល់ៗឆ្នាំជាថ្ងៃដ៏មានសារៈសំខាន់មួយ ក្នុងការប្រារព្ធធ្វើពិធីបូជាដែលគេនិយមហៅថា ថ្ងៃមាឃបូជា ធ្វើមាឃបូជា បុណ្យមាឃបូជា ក្នុងថ្ងៃ១៥កើតពេញបូណ៌មីខែមាឃព្រះច័ន្ទពេញវង់មានពន្លឺភ្លឺស្រទន់ស្រស់ថ្លា កំពុងគោចរយាត្រាទៅក្នុងអាកាសវេហារនភាល័យជាថ្ងៃដ៏សំខាន់បំផុតក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធសាសនិក ជនទាំងបព្វជិតនិងគ្រហស្ថ នាំគ្នារប្រារព្ធធ្វើពិធីមាឃបូជា។

ថ្ងៃមាឃបូជានេះ ព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើងទ្រង់ប្រទានឱវាទបាដិមោក្ខដល់មហាសង្ឃសន្និបាតក្នុងវត្តវេឡុវ័ន ដែលជាវត្តដំបូងបង្អស់ ក្នុងព្រះពុទ្ធសាសនាក្នុងថ្ងៃនោះ មានហេតុការណ៍សំខាន់៤យ៉ាងកើតឡើងផងដែរ។

នៅក្នុងឱកាសនេះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងពុទ្ធបរិស័ទទាំងអស់បានប្រគេនគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនដល់ព្រះសង្ឃផងដែរ៕