(ភ្នំពេញ)៖ លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះមរណភាពលោកជំទាវ ប៊ុន សុថា ត្រូវជាប្អូនថ្លៃ និងជាប្អូនបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

លិខិតរបស់លោក គុជ លី មានខ្លឹមសារទាំងស្រុងដូច្នេះថា៖

តាងនាមថ្នាក់ដឹកនាំ និងសមាជិកទាំងអស់ នៃគណបក្សខ្មែរតែមួយ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ គុជ លី ស្ថាបនិក និងជាប្រធានគណបក្ស មានសេចក្តីក្រៀមក្រំ និងសោកស្តាយ ដោយបានទទួលដំណឹងយ៉ាងក្រៀមកំ លោកជំទាវ ប៊ុន សុថា ដែលត្រូវជាប្អូនថ្លៃ និងជាប្អូនបង្កើតរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួលមរណភាព នៅថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៨៖១៣នាទី ក្នុងជន្មាយុ៦៧ឆ្នាំដោយរោគាពាធ។

មរណភាពរបស់លោកជំទាវ ប៊ុន សុថា គឺជាការបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់ដ៏ធំធេងរបស់ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាការបាត់បង់ភរិយា មាតា មាតាក្មេក និងជីដូន ប្រកបដោយព្រហ្មវិហារធម៌នៃគ្រួសារសព។

តាងនាមថ្នាក់ដឹកនាំ និងសមាជិកទាំងអស់នៃគណបក្សខ្មែរតែមួយ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមម្ដែងនូវការគោរព សោកស្តាយ អាឡោះអាល័យក្រៃលែងបំផុត និងសូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំនេះជាមួយសម្ដេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារសព និងសូមឧទ្ទិសបួងសួង សូមវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕