(ភ្នំពេញ)​៖​ លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី បានផ្តល់អំណោយនិងថវិកាមួយចំនួនជូនដល់វិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ព្រមទាំងអ្នកគ្រូលោកគ្រូចំនួន៤២នាក់ និងសិស្សានុសិស្សចំនួន២១១នាក់ តាមរយៈសមាគមនយុវជនក្រុម៨។

ការប្រគល់អំណោយនិងថវិកាខាងលើនោះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោក ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ រួមទាំងលោកស្រី​ និង​លោក ម៉េង ស្រ៊ុន អនុប្រធានសមាគមយុវជនក្រុម៨ និងជាប្រធានសមាគមយុវជនក្រុម៨ សាខារាជធានីភ្នំពេញ ព្រមទាំងសហការី បាននាំយកសម្ភារប្រើប្រាស់ សម្ភារសិក្សា និងថវិកាមួយចំនួន ដែលជាអំណោយរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រគល់ជូនវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី អ្នកគ្រូលោកគ្រូ៤២នាក់ និងសិស្សានុសិស្ស២១១នាក់ ដែលកំពុងស្នាក់នៅនិងសិក្សាក្នុងវិទ្យាល័យ។

អំណោយដែលប្រគល់ជូនសិស្សានុសិស្សនីមួយៗ រួមមាន៖ សៀវភៅ២ក្បាល ប៊ិច២ដើម ខ្មៅដៃ២ដើម ដែកខួង១ ជ័រលុប១ ប្រអប់ដាក់សម្ភារសិក្សា១ សាប៊ូដុះខ្លួន១ដប សាប៊ូកក់សក់១ដប ថ្នាំដុះធ្មេញ១ដប និងច្រាស់ដុះធ្មេញ១។

អំណោយប្រគល់ជូនវិទ្យាល័យអប់រំពិសេស មានតុសិក្សា២ឈុត ទូដាក់ឯកសារ១ សាប៊ូលាងដៃ២១១ដប សាប៊ូលាងចាន២១១ដប សាប៊ូប៉ោកគក់២១១ដប ជែលលាងដៃ៧០ដប ប្រេងឆា១២០ដប តែនិងប៉ាន់តែ៤២ឈុត ទឹកក្រូចអៃយ៍កូឡា១០០កេស និងភេសជ្ជៈប៉ូវកម្លាំងហ្សូរ៉ាស់៣០កេស និងថវិកាជូនអ្នកគ្រូលោកគ្រូ៤២នាក់ ក្នុងម្នាក់ៗទទួលបាន៤ម៉ឺនរៀល។

លោក ម៉ឹង មករា បានឱ្យដឹងថា អំណោយដែលផ្តល់ជូនវិទ្យាល័យ អ្នកគ្រូលោកគ្រូ និងសិស្សានុសិស្សនាពេលនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ និងចូលរួមចំណែករបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ជនមានពិការភាព ជាពិសេសកុមារមានពិការភាព ដើម្បីទទួលបាននូវសិទ្ធិក្នុងការរស់រានមានជីវិត មានឱកាសទទួលបានការសិក្សាអប់រំ និងអាចមានលទ្ធភាពចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។

លោក ម៉ឹង មករា ក៏បានលើកទឹកចិត្តឱ្យសិស្សានុសិស្សប្រឹងប្រែងក្នុងការសិក្សា ដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏ល្អក្នុងសង្គម និងអាចមានលទ្ធភាពចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ក្រុមជនមានពិការភាពឱ្យកាន់តែមានសក្ដានុពល និងឱកាសចូលរួមកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែប្រសើរឡើង។

លោក ម៉ឹង មករា បានថ្លែងថា «អ្វីៗអាចសម្រេចទៅបាន គឺមកពីកត្តាមនុស្សជាចម្បង មនុស្សជាអ្នកគិត មនុស្សជាអ្នកធ្វើ បើយើងមានធនធានមនុស្ស ប្រទេសជាតិយើងនឹងមានការអភិវឌ្ឍរីកចម្រើន»

គួរជម្រាបថា វិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី បង្កើតឡើងជាដំបូងក្នុងឆ្នាំ១៩៩១ មានឈ្មោះជាអង្គការគ្រួសារថ្មី ក្នុងគោលបំណងចិញ្ចឹមបីបាច់ថែរក្សាកុមារកំព្រា និងកុមារដែលត្រូវគេបោះបង់ចោលនៅជំរំភៀសខ្លួនសាយធូ ដើម្បីធ្វើមាតុភូមិនិវត្តមកកម្ពុជាវិញ។ ក្រោយមក អង្គការគ្រួសារថ្មីក៏ត្រូវបានអភិវឌ្ឍន៍ជាបន្តបន្ទាប់ក្លាយជាសាលាសម្រាប់ថែរក្សា និងបណ្ដុះបណ្ដាលកុមារកំព្រា ដែលមានពីការភាព រហូតដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ សាលាក៏បានប្តូរឈ្មោះមកជា «វិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី» វិញ ដោយោទេរការគ្រប់គ្រងមកនៅក្រោមក្រសួងអប់រំ យុវជន និងកីឡា។ សព្វថ្ងៃវិទ្យាល័យមានបុគ្គលិក៤២នាក់ និងទទួកបានសិស្សចំនួន២១១នាក់។

សមាគមយុវជនក្រុម៨ ក្រោមការដឹកនាំរបស់លោក ម៉ឹង មករា និងការចង្អុលបង្ហាញដោយផ្ទាល់ពីលោក ហ៊ុន ម៉ាណែត ក្រុមការងារបានរួមចំណែកយ៉ាងច្រើនក្នុងការជួយដល់កិច្ចការមនុស្សធម៌ មានដូចជាវិស័យសុខាភិបាល វិស័យអប់រំ វិស័យកសិកម្ម និងការកសាងហេដ្ឋារចនាសម្ពន្ធជូនប្រជាពលរដ្ឋនៅជនបទ រួមមាន ការកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រលាយទឹក ស្រះទឹក ការដាំកូនឈើលម្អអមសងខាងផ្លូវ ព្រមទាំងហេដ្ឋារចនាសម្ពន្ធផ្សេងៗឯទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមជនបទ៕