(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៤ ខែគុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលា សាងសង់អគារសិក្សា នៅសាលាបឋមសិក្សាព្រៃទទឹង ស្ថិតក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

លោក កើត ឆែ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានផ្តួចផ្តើមឱ្យមានការសាង់សង់អគារសិក្សា ១ខ្នង ២ជាន់ មាន១០បន្ទប់ និងអគារទីចាត់ការបណ្ណាល័យ ១ខ្នង នៃសាលាបឋមសិក្សាព្រៃទទឹង ក្នុងគោលដៅបំពេញនូវកង្វះខាត ផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់សាលា ក៏ដូចជាការជួយសម្រួលដល់ការសិក្សារបស់ក្មួយៗ សំដៅលើកកម្ពស់គុណភាព នៃការផ្ដល់សេវាអប់រំសាធារណៈ។

អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ការគិតគូររបស់ថ្នាក់ដឹកនាំ ធ្វើឱ្យសមិទ្ធផលនៃអគារសិក្សា កើតមានដូចពេលនេះ គឺក្នុងគោលបំណង លើកកម្ពស់គុណភាពអប់រំនៅក្នុងកម្រិតមូលដ្ឋាន ដែលធ្វើយ៉ាងណាឱ្យកូនចៅរបស់ប្រជាពលរដ្ឋ មានសមត្ថភាពពិតប្រាកដ ដែលផ្ដើមចេញពីការអប់រំចំណេះដឹងទូទៅបាន គឺផ្ដើមចេញពីកម្រិតមូលដ្ឋាននេះ។

លោកអភិបាលខេត្ត បានឱ្យដឹងទៀតថា បន្ទាប់ពីការសាងសង់អគារសិក្សានេះរួច បំណងរបស់សប្បុរសជន និងមានផែនការដំឡើងកម្រិត សាលាបឋមសិក្សាព្រៃទទឹងនេះ ឱ្យទៅជាសាលាគំរូ ដែលប្រការនេះ នាយកសាលាបឋមសិក្សានេះ និងត្រូវធ្វើការសិក្សាយកបទពិសោធន៍ពីសាលាគំរូ១ នៅក្នុងខេត្តសៀមរាប ដើម្បីយកបទពិសោធន៍នោះមកដឹកនាំធ្វើឱ្យសាលារបស់ខ្លួនទទួលបានជាសាលាគំរូ ដែលមានលក្ខណៈប្រកួតប្រជែង និងផ្តល់នូវការអប់រំប្រកបដោយគុណភាពផងដែរ៕