(ឥណ្ឌូណេស៉ី)៖ កម្មវិធីអង្គរសង្រ្កាន្តអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើក៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលសុទ្ធតែជាព្រឹត្តិការណ៍សំខាន់ៗធំៗ និងត្រៀមធ្វើឡើងនៅកម្ពុជានោះ ត្រូវបានផ្សព្វផ្សាយជាមុននៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៦ និងកិច្ចប្រជុំពាក់ព័ន្ធ នាប្រទេសឥណ្ឌូណេស៉ី។

កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៦ខាងលើនេះ ត្រូវបានធ្វើឡើងនាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងយុក្យាការតា ប្រទេសឥណ្ឌូណេស៊ី ខណៈប្រតិភូកម្ពុជាដឹកនាំដោយលោក ថុក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានអចិន្រ្តៃយគណៈកម្មការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ (CAMSOC)។

លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា នាកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៦ និងកិច្ចប្រជុំពាក់ព័ន្ធនោះ កម្ពុជាបានផ្សព្វផ្សាយពីកម្មវិធីអង្គរសង្រ្កាន្តអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើក៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលត្រៀមធ្វើឡើងនៅកម្ពុជា ជូនដល់អង្គប្រជុំដែលមានការចូលរួមពីថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន លេខាធិការដ្ឋានអាស៊ាន ប្រទេសអាស៊ានបូកបី (ចិន ជប៉ុន កូរ៉េ) ឥណ្ឌា រុស្ស៊ី មជ្ឈមណ្ឌលអាស៊ានចិន ជប៉ុន និងកូរ៉េ សមាគមធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក សមាគមទេសចរណ៍អាស៊ាន សមាគមស្រាវជ្រាវទេសចរណ៍អាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC)។

លោក ថោង រដ្ឋសក្តិ បានបន្តថា វីដេអូឃ្លីបផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ដ៏ធំរបស់កម្ពុជាទាំង២ ត្រូវបានចាក់បញ្ជាំងនៅចំពោះមុខថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ានបូក ប្រធានស្ថាប័នជាតិទេសចរណ៍ និងដៃគូពាក់ព័ន្ធសរុបប្រមាណ២០០នាក់ ដែលជាឱកាសបង្ហាញដល់ប្រតិភូអន្តរជាតិកត់ចំណាំទុកនៅថ្ងៃរៀបចំព្រឹត្តិការណ៍ ក៏ដូចជាការអញ្ជើញប្រតិភូទាំងអស់ក្នុងកម្មវិធីនេះចូលរួមព្រឹត្តិការណ៍ទាំង២ នៅកម្ពុជា ក្នុងឆ្នាំ២០២៣៕