(ភ្នំពេញ)៖ ស្ថាប័នអប់រំ អេជី នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានរៀបចំពិធីប្រគល់ប័ណ្ណសរសើរ មេដាយ និងរង្វាន់ដល់ជ័យលាភី និទ្ទេស A-B និងសិស្សឆ្នើមប្រចាំឆ្នាំ ២០២៣ ក្របខ័ណ្ឌស្ថាប័នអប់រំ អេជី (សាលារៀនអារីហ្សូន និងសាលាអន្តរជាតិហ្គ្រេនម៉ោន) ដែលមានទីតាំងស្ថិតនៅ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។

ពិធីប្រគល់សញ្ញាបត្រនេះ បានធ្វើឡើងក្រោមអធិបតីភាព ឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង ស្ថាបនិក និងប្រធាននាយកប្រតិបត្តិ នៃស្ថាប័នអប់រំអេជី និងលោកស្រី ទាដាវី គណៈគ្រប់គ្រងគ្រប់កម្រិត ទីប្រឹក្សា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាល និងភ្ញៀវកិត្តិយសជាង៤០០នាក់ ។

លោក ឌួង រតនា នាយកប្រតិបត្តិអប់រំសិក្សាធិការភាសាខ្មែរ នៃស្ថាប័នអប់រំ អេជី បានលើកឡើង និងរាយការណ៍ជូនអង្គពិធីនូវមតិស្វាគមន៍ និងរបាយការណ៍ស្តីពី ដំណើរការប្រព្រឹត្តនៃផែនការ សកម្មភាព និងលទ្ធផលនៃការរៀបចំការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុយភូមិឆ្នាំសិក្សា ២០២១-២០២២ និងការប្រឡង សិស្សឆ្នើមក្របខណ្ឌស្ថាប័នអប់រំអជី។

លោក ឌួង រតនា បានបន្ដថា បន្ទាប់ពីឆ្លងភូមិសិក្សាទី១ យើងត្រូវបោះជំហានចូលទៅកាន់ភូមិសិក្សាទី២ ពោល គឺមធ្យមសិក្សាដែលចែកជាពីរគឺ មធ្យមសិក្សាបឋមភូមិ (ថ្នាក់ទី ៧ ដល់ថ្នាក់ទី៩) និងមធ្យមសិក្សាទុតិយភូមិ (ពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២) ដូចអ្វីដែល កូនៗក្មួយៗ ទទួលបានជ័យលាភីនិទ្ទេស A, B និងនិទ្ទេសផ្សេងៗទៀត បានបំពេញកាតព្វកិច្ចនាពេលកន្លងមក រាប់តាំងពីជំនាន់ទី១ដល់ជំនាន់ទី១៣ ដែលជាលទ្ធផលបានផ្ដល់ឱកាសដល់ យើងទាំងអស់គ្នា មកជួបជុំគ្នាដើម្បីប្រារព្ធពិធីនៅព្រឹកនេះ។

សូមបញ្ជាក់ថា ចំពោះសិស្សានុសិស្សឆ្នើម និងសិស្សពូកែប្រចាំឆ្នាំ ២០២៣ នៃក្របខណ្ឌស្ថាប័នអប់រំអជី ទទួលបាន លទ្ធផលនៃការប្រឡងសិស្សឆ្នើមក្របខណ្ឌស្ថាប័ន អប់រំអេជី ដែលមានសាលារៀនអារីហ្សូន សាលាអន្តរជាតិហ្គេន ម៉ោន និងមជ្ឈមណ្ឌលបណ្តុះបណ្តាលអេជី ជាបុត្រសម្ព័ន្ធគឺជាអំពូលសូឡា ឬ LED ដែលឆ្លុះបញ្ជាំងការខិតខំប្រឹងប្រែង រៀនសូត្រមិនសំចៃរបស់តួអង្គអ្នកសិក្សា ផ្ទាល់ក្រោមការបង្ហាត់បង្រៀនប្រកបដោយស្មារតីលះបង់ខ្ពស់ ទាំងកម្លាំងកាយចិត្ត និងចំណេះដឹងថ្មី ប្រកបដោយទេពកោសល្យរបស់ លោកគ្រូ អ្នកគ្រូ និងក្រោមកិច្ចចាត់តាំងដឹកនាំគ្រប់គ្រងដោយ ផ្ទាល់ពីសំណាក់ គណៈគ្រប់គ្រងគ្រប់កម្រិត ទាំងនៅការិយាល័យកណ្តាល និងតាមបណ្ដាសាខានានា សាលារៀនអារីហ្សូន រាជធានី-ខេត្ត និងសាលាអន្តរជាតិហ្គេនម៉ោន ជាពិសេស ស្មារតីលះបង់និងចូលរួមយ៉ាងសកម្មពីសំណាក់ មាតាបិតាអ្នកអាណាព្យាបាលសិស្សដែលបានចំណាយទាំងពេលវេលាទាំងកម្លាំងកាយ ចិត្ត និងថវិកាដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួនដើម្បីបញ្ជូន បុត្រធីតា រៀងៗខ្លួនមកសិក្សានៅសាលារៀនអារីហ្សូន និងសាលាអន្តរជាតិហ្គេនម៉ោន គ្រប់សាខាតាំងពីដើមរហូតមកដល់បច្ចុប្បន្ននេះ។

ជាមួយគ្នានេះដែរ ឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងកោតសរសើរដល់ភរិយារបស់លោក ទីប្រឹក្សា គណៈគ្រប់គ្រងគ្រប់កម្រិត គណៈកម្មាការរៀបចំពិធី មាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស ព្រមទាំងកូនៗ ក្មួយៗ សិស្សានុសិស្សទាំងអស់ ក្រុមហ៊ុនដៃគូសហការឧបត្ថម្ភដូច ក្រុមហ៊ុនធានារ៉ាប់រង GC life សកលវិទ្យាល័យ EAMU ដែលចំណាយពេលវេលាចូលរួមនៅក្នុងព្រឹត្តការណ៍នេះ និងជាពិសេស រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្ដេចតេជោហ៊ុនសែនជាមគ្គុទេសដ៍ឆ្នើមដែល បានដឹកនាំប្រទេសកម្ពុជាទទួលបាន សុខសន្តិភាពពេញបរិបូរណ៍និងការអភិវឌ្ឍន៍ដ៍ឆាប់រហ័ស លើគ្រប់វិស័យ ជាពិសេសវិស័យអប់រំយុវជន និងកីឡា ដែលផ្ដល់ឱកាសដល់យើងខ្ញុំទាំងអស់ គ្នាបានរួមចំណែកអភិវឌ្ឍន៍វិស័យនេះតាំងពីដើមរៀងមក។

ជាថ្មីម្ដងទៀត លោកឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង សូមបួងសួង ដល់ទេវតាឆ្នាំថ្មី ឆ្នាំថោះ «ទន្សាយមាស» ជួយឃុំគ្រងបីបាច់ ថែរក្សា អស់លោកអ្នកទាំងអស់គ្នាជួបប្រទះសេចក្តីសុខមង្គលបវ មហាប្រសើរ និងព្រះពុទ្ធពរទាំង៥ ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕