(ឧត្តរមានជ័យ)៖ ទេសរដ្ឋមន្ត្រី គន់ គីម សមាជិកគណៈអចិន្ដ្រៃយ៍ គណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយខេត្តឧត្ដរមានជ័យ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបន្តចុះជួបសំណេះសំណាល និង​ផ្សព្វផ្សាយ សេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ទេសរដ្ឋមន្ត្រី គន់ គីម បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសកម្ពុជាសម្រេចបាននូវសមទ្ធិផលធំធេង ជាបន្តបន្ទាប់ និងធ្វើឱ្យសង្គមជាតិ មានការរីកចម្រើនលើគ្រប់វិស័យ។

ដោយឡែក សមាជិកបក្ស និងថ្នាក់ដឹកនាំគណបក្សក្រុង ស្រុក ក្នុងខេត្តឧត្ដរមានជ័យ បានរួមសាមគ្គី ឯកភាព គ្នាជាធ្លុងមួយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តភារកិច្ចទទួលបានលទ្ធផលល្អប្រសើរកត្តា កំណត់ដែលធ្វើឱ្យយើងទទួលបានការរីកចម្រើនដូចសព្វថ្ងៃនេះ គឺដោយសារតែយើងមានសន្តិភាព និងស្ថេរភាពនយោបាយ។

ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវបន្តចុះឱ្យដល់ផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីជួយដោះស្រាយរាល់បញ្ហាដែលកើតមានឡើងចំពោះពួកគាត់ ហើយត្រូវរាយការណ៍បន្តភ្លាមប្រសិនបើបញ្ហានោះហួស ពីសមត្ថភាពក្នុងការដោះស្រាយតាមថ្នាក់របស់ខ្លួននីមួយៗ៕