(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអនុញ្ញាតឱ្យប្រើប្រាស់ប្រឡង់ដៃសន្តិសុខ សម្រាប់សម្គាល់ភ្នាក់ងារសន្តិសុខបោះឆ្នោត ដែលមានភារកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់នៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ ចាប់ពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ រហូតដល់ចប់ភារកិច្ច។

បើតាមសេក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គ.ជ.ប បានបញ្ជាក់ថា ប្រឡង់ដៃសន្តិសុខត្រូវបានផលិតពីក្រណាត់តេតារ៉ុង ពណ៌ផ្ទៃមេឃ ហើយមានដេរលិនជាយដោយអំបោះពណ៌ផ្ទៃមេឃ និងមានខ្នាតទ្រង់ទ្រាយ ដូចខាងក្រោម៖

*មានបណ្តោយប្រវែង ៥០ ស.ម និងទទឹងប្រវែង ១២ ស.ម
*មានរូបសញ្ញារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានរាងរង្វង់មូល ដែលនៅចំពីក្រោម រូបសញ្ញាមានអក្សរ គ.ជ.ប ពណ៌ស
*មានអក្សរ “ភ្នាក់ងារសន្តិសុខបោះឆ្នោត” និង “ឆ្នាំ២០២៣” ពណ៌ស ស្ថិតនៅកណ្តាលផ្ទៃនៃប្រឡង់ដៃ
*ប្រឡង់ដៃសន្តិសុខនីមួយៗ ត្រូវបានដេរភ្ជាប់ចុងម្ខាងទៅនឹងចុងម្ខាងទៀត មានសណ្ឋានជារាងបំពង់កាត់។

គ.ជ.ប បានបន្ថែមថា ភ្នាក់ងារសន្តិសុខបោះឆ្នោត ដែលមានភារកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់នៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ចាំបាច់ត្រូវពាក់ប្រឡង់ដៃសន្តិសុខនៅដើមដៃខាងឆ្វេងរបស់ខ្លួនដោយត្រូវបង្ហាញឱ្យឃើញច្បាស់នូវរូបសញ្ញា «គ.ជ.ប» និងអក្សរ «ភ្នាក់ងារសន្តិសុខបោះឆ្នោត ឆ្នាំ២០២៣»