(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ បានចាប់ខ្លួនមេជួញដូរគ្រឿងញៀនម្នាក់ នៅចំណុចប្លុករោងចក្រឆ្នាំង តាមផ្លូវរថភ្លើងក្រុមទី១០៦ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

មន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ក្រោយការចាប់ខ្លួន ជនសង្ស័យរូបនេះកម្លាំងនគរបាល បានដកហូតថ្នាំញៀនចំនួន២០កញ្ចប់ និងលុយមួយចំនួនផងដែរ។ ជនសង្ស័យមានឈ្មោះ អ៊ុយ ចិន្ត្រាដានេ ហៅកណ្តឹង អាយុ១៩ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៦បេ ផ្លូវលេខ៦១២ ក្រុមទី១០៦ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

មន្រ្តីនគរបាលបានបន្តទៀតថា ក្រោយពីទទួលបានព័ត៌មាន ពីសកម្មភាពចែកចាយគ្រឿងញៀន ដ៏សកម្មនៅប្លុកខាងលើនោះ លោកអធិការខណ្ឌ ហ៊ុន សុធី បានបញ្ជាឲ្យកម្លាំងមូលដ្ឋាន បើកការស្រាវជ្រាវតាមជំនាញ រហូតតាមចាប់ខ្លួនបានតែម្តង។

សម្រាប់ករណីគ្រឿងញៀននេះអធិការខណ្ឌ ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ ជួន សុវណ្ណ នឹងបើកការស្រាវជ្រាវតាមជំនាញរបស់ខ្លួន ដើម្បីតាមបង្ក្រាបបទល្មើសបំផ្លាញសង្គមមួយនេះ កាន់តែខ្លាំងឡើង។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕