(សៀមរាប)៖ កម្លាំងសមត្ថកិច្ចចម្រុះ នៃស្រុកស្វាយលើ ខេត្តសៀមរាប សហការគ្នាជួយពន្លត់ភ្លើងឆេះចំការពូជឈើធ្នង់ ដែលត្រូវបានអគ្គិភ័យឆាបឆេះអស់ប្រមាណ១០ហិចតា ដោយសារតែភ្លើងរាលពីស្រែរបស់អ្នកភូមិដុតទុកចោល។

លោក ម៉ែន វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ បានឲ្យដឹងថា បន្ទាប់ពីលោកទទួលបានព័ត៌មាន ករណីភ្លើងឆេះក្នុងចំការពូជឈើធ្នង់ នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ លោកបានរាយការណ៍ទៅថ្នាក់លើ ដើម្បីសុំការជួយអន្តរាគមន៍។ គ្រានោះដែរ លោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ ក៏បានចាត់ឲ្យកម្លាំងចម្រុះដើម្បីចុះជួយអន្តរាគមន៍ពន្លត់ភ្លើងដែលឆេះរាលក្នុងចំការពូជឈើធ្នង់។

លោក ម៉ែន វុទ្ធី បានបន្តថា កម្លាំងអធិការដ្ឋាននគរបាលស្រុស្វាយលើ បានយករថយន្តពន្លត់អគ្គិភ័យ១គ្រឿង ចុះដល់ទីតាំងដែលភ្លើងកំពុងឆេះរាលដាល ហើយបានរាយទុយយោធ្វើការបាញ់ទឹកពន្លត់អណ្តាតភ្លើងឆេះរាលដាលខ្លាំង និងកម្លាំងខ្លះទៀតបានកាច់មែកឈើ ដើរវាយពន្លត់តាមជួរភ្លើងឆេះរាលដាលតូចៗ។ ការចុះអន្តរាគមន៍ពន្លត់ភ្លើងព្រៃនេះ ក្រុមការងារប្រើរយៈពេលជាង២ម៉ោង ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។

សូមបញ្ជាក់ថា មូលហេតុដែលបង្កជាភ្លើងឆេះរាលដាលចូលចំការពូជឈើធ្នង់ នេះគឺដំបូងឆេះចេញពីវាលស្រែរបស់តាក្របី (មិនស្គាល់នាមត្រកូល) ដែលនៅខាងត្បូងក្រៅក្រវាត់ព្រំចំការ ហើយទំហំនៃការឆេះខូចខាតក្នុងចំការពូជឈើធ្នង់នេះ គឺឆេះអស់ប្រហែល១០ហិកតា៕