(មណ្ឌលគិរី)៖ ថ្លែងនៅចំពោះមុខបងប្អូន ពូមីង លោកយាយ លោកតា ដែលជាជនជាតិភាគតិចជាច្រើនរូប នៅសាលាបឋមសិក្សាសាមគ្គីចុងរាំង លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានលើកឡើងថា កត្តាដែលមនុស្សវ័យចាស់ និងបុគ្គលដែលមានជំងឺប្រចាំកាយត្រូវទទួលវ៉ាក់សាំងកូវីដ១៩ ដូសជំរុញនោះ គឺដើម្បីរក្សាប្រព័ន្ធការពាររាងកាយឲ្យនៅក្នុងខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមួយនេះ។

លោកស្រី ឱ វណ្ណឌីន បានបន្ដទៀតថា ម្យ៉ាងវិញទៀត ជនដែលមានជំងឺប្រចាំកាយ ហាក់បីមានប្រព័ន្ធការពារថមថយ ពោលគឺសុខភាពរបស់ពួកគាត់ខ្សោយជាងអ្នកដែលគ្មានជំងឺប្រចាំកាយ ដូច្នេះវ៉ាក់សាំងពិតជាសំខាន់ណាស់ សម្រាប់ពួកគេដើម្បីទប់ទល់ពីការវាយលុកនៃវីរុសនេះ។

ក្នុងឱកាសចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ នៅខេត្តមណ្ឌលគីរី​ ដែលដឹកនាំដោយលោកស្រី ឱ វណ្ណឌីន បានចុះពិនិត្យសកម្មភាពចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមទីតាំងមួយចំនួន​ ដូចជា៖ សហគមន៍ជនជាតិភាគតិចនៅក្នុងភូមិចុងរាំង ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សាលាបឋមសិក្សាដាក់ដាំ និងផ្សារសែនមនោរម្យ នាថ្ងៃទី០២ និងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកស្រីប្រធាន​ គ.វ.គ-១៩​ បានសំណេះសំណាល​ និងលើកឡើងនាពេលចុះដល់ទីតាំងចាក់វ៉ាក់សាំងកូវីដ១៩ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីថា ចំពោះបងប្អូនដែលជាមន្ត្រីនគរបាលទាំងអស់ ពិតណាស់ត្រូវតែចងចាំនូវពេលវេលាដែលខ្លួន បានចាក់វ៉ាក់សាំងកូវីដ១៩ ដូសចុងក្រោយ ដើម្បីបង្កភាពងាយស្រួលក្នុងការទៅទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ដូសបន្តបន្ទាប់ទៀត កុំឲ្យហួសពេល​ ព្រោះថាក្នុងករណីថេរវេលា នៃការចាក់ដូសចុងក្រោយ មានគម្លាតយូរពេកលើសពី៦ទៅ៨ខែ ឬរហូតដល់១ឆ្នាំជាង​ ធ្វើឲ្យកងការពារនៅក្នុងខ្លួនយើង ធ្លាក់ចុះស្ទើរតែទាំងស្រុង អាចធ្លាក់ដល់ចំណុចសូន្យ។​ ម្យ៉ាងវិញទៀត ចំពោះអ្នកដែលបានជាពីជំងឺកូវីដ១៩ អាចទៅទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងរយៈពេល៣-៤ខែ បន្ទាប់ពីជាសះស្បើយ។

លោកស្រី ឱ វណ្ណឌីន ដែលជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងទៅកាន់កងកម្លាំងនគរបាលថា ការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ គឺមានន័យថា ជំរុញកងការពារនៅក្នុងរាងកាយរបស់យើងឲ្យឡើងខ្ពស់ ដើម្បីទប់ទល់នឹងការវាយលុកនៃវីរុសមួយនេះ។

ពិតណាស់ កម្ពុជានាពេលបច្ចុប្បន្នគ្រប់គ្រងការរាត្បាតវីរុសកូវីដ១៩ បានយ៉ាងល្អប្រសេីរក្រោមការដឹកនាំដ៏បុិនប្រសព្វ​ និងឈ្លៀសវៃរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ តែសម្តេចតេជោ នៅតែបន្តអំពាវនាវឲ្យប្រជាពលរដ្ឋមកទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសបន្តបន្ទាប់​ ព្រោះវ៉ាក់សាំងកូវីដ១៩​ នៅតែជាឧបករណ៍ដ៏សំខាន់បំផុតសម្រាប់កម្ពុជា ក្នុងការជួយសង្គ្រោះអាយុជីវិតមនុស្ស​ ហេីយព្រោះថាមេរោគមួយនេះ​ ក៏មិនទាន់ទៅណាឆ្ងាយពីខ្លួនយើងនៅឡើយដែរ។

ម្យ៉ាងវិញទៀត ការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញបានត្រឹមត្រូវតាមកាលកំណត់​ និងប្រេីវ៉ាក់សាំងខ្វែងគ្នា​ នឹងផ្តល់នូវប្រសិទ្ធភាពខ្ពស់ជាងដែលយើងចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញនូវប្រភេទតែមួយ។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់បន្ថែមទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលមានចក្ខុវិស័យ មានយុទ្ធសាស្ត្រច្បាស់លាស់ ក្នុងការស្រោចស្រពវ៉ាក់សាំងកូវីដ១៩ នៅគ្រប់រាជធានី-ខេត្ត បានធ្វើឲ្យប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្ន អាចគ្រប់គ្រង និងបេីកដំណេីរការប្រទេសបាន​ ព្រមទាំងជំរុញកំណេីនសេដ្ឋកិច្ច-សង្គមបានឡើងវិញ។

ទន្ទឹមនឹងនេះ​ លោកស្រីរដ្ឋលេខាធិការ គូសបញ្ជាក់យ៉ាងច្បាស់ថា ថ្វីត្បិតប្រទេសកម្ពុជាជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ យ៉ាងនេះក្តី យើងទាំងអស់គ្នាត្រូវតែបន្តគោរពវិធានការ ៣ការពារ​ និង៣កុំ​ ទាំងអស់គ្នា និងទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញតាមពេលវេលាកំណត់របស់ក្រសួងសុខាភិបាល នៅគ្រប់ទីតាំងពេទ្យរដ្ឋដែលនៅក្បែរខ្លួនរស់នៅ។

បន្ថែមលើសពីនេះ លោកស្រី ឱ វណ្ណឌីន បានថ្លែងនូវការកោតសរសើរ និងវាតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន និងនាយកសាលាទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ ជំរុញលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋទាំងក្មេងទាំងចាស់ លោកគ្រូ-អ្នកគ្រូ សិក្សានុសិស្សទាំងអស់ឲ្យមកទទួលបវ៉ាក់សាំងកូវីដ១៩ គ្រប់គ្នា និងបានចូលរួមយ៉ាងក្លៀវខ្លាជាមួយក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា នូវការអនុវត្តវិធានការផ្សព្វផ្សាយ អប់រំ ការពារ បង្ការ និងទប់ស្កាត់ការផ្ទុះរីករាលដាលឡើងវិញនៃវីរុសកូវីដ១៩។

សូមជម្រាបថា យោងតាមរបាយការណ៍របស់លោកវេជ្ជបណ្ឌិត ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា បច្ចុប្បន្ននេះទីតាំងចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងខេត្តមណ្ឌលគិរី គឺមានគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈទូទាំងខេត្ត ដែលផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋអាចទទួលវ៉ាក់សាំងកូវីដ១៩ គ្រប់ទីកន្លែងបាន៕