(ភ្នំពេញ)៖​ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី០៣​ ខែកុម្ភៈ​ ឆ្នាំ២០២៣នេះ​ បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍ធាតុចូលសម្រាប់ការរៀបចំ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨​ ដោយមានការចូលរួមពីសំណាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធជាច្រើនរូបផងដែរ។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីឆ្លងសេចក្តីព្រាងរបាយការណ៍ធាតុចូលសម្រាប់ការរៀបចំ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨​មុននឹងបញ្ជូនទៅឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលបាន និងកំពុងរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍសង្គម-សេដ្ឋកិច្ចសម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

សូមជម្រាបថា​ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី វិស័យគមនាគមន៍ និងដឹកជញ្ជូនកម្ពុជា សម្រេចបានសមិទ្ធផលធំៗ ជាច្រើនរួមមានដូចជា៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រកបដោយគុណភាព និងការអភិវឌ្ឍច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានាសម្រាប់ការគ្រប់គ្រងការសាងសង់ ជួសជុល ថែទាំហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវគោក ផ្លូវដែក ផ្លូវទឹក ផ្លូវសមុទ្រ ប្រព័ន្ធភស្តុភារកម្ម និងកំពង់ផែ លុបបំបាត់យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មនានាប្រកប ដោយតម្លាភាព និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព»៕