(ភ្នំពេញ)៖ លោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ថ្លែងគាំទ្រ និងសម្ដែងនូវក្តីរីករាយចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្ដទុកដាក់ខ្ពស់ លើវិស័យសុខាភិបាល។

ការថ្លែងបែបនេះរបស់លោកឯកអគ្គរាជទូតវិសាមញ្ញ ក្នុងឱទទួលបានជួបពិភាក្សាការងារជាមួយ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នាទីស្ដីការក្រសួងសុខាភិបាល។

លោកឯកអគ្គរាជទូតក៏បានថ្លែងអបអរសាទរ និងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រង ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះបានទទួលជោគជ័យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាអគ្គមេបញ្ជាការដឹកនាំចង្អុលបង្ហាញផ្ទាល់ ដែលអាចឱ្យកម្ពុជាបើកដំណើរការប្រទេសទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១។

លោក Dominic Williams បានថ្លែងកោតសរសើរផងដែរ នូវកាយវិការមនុស្សធម៌ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលឱ្យនាវាទេសចរណ៍ Westerdam ចូលចតកាលពីខែកុម្ភៈ ឆ្នាំ២០២០ ព្រមទាំងបានផ្តល់វ៉ាក់សាំងកូវីដ-១៩ ជូនដល់មន្ត្រី និងបុគ្គលិកស្ថានទូតអង់គ្លេស ប្រចាំកម្ពុជា ព្រមទាំងសមាជិកគ្រួសាររបស់ពួកគេទាំងអស់ ដោយឥតគិតថ្លៃ។

ជាមួយគ្នានោះ លោកឯកអគ្គរាជទូតអង់គ្លេស បានសន្យានឹងបន្តគាំទ្រវិស័យសុខាភិបាលបន្ថែមទៀត តាមរយៈយន្តការទ្វេភាគី ពហុភាគី។

ជាការឆ្លើយតប លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្តែងមនោសញ្ចេតនាស្វាគមន៍ យ៉ាងកក់ក្តៅចំពោះលោក Dominic Williams ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃចក្រភពអង់គ្លេស ប្រចាំកម្ពុជា។

ក្នុងឱកាសនោះរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនរដ្ឋាភិបាលនៃចក្រភពអង់គ្លេស ដែលតែងតែជួយគាំទ្រទាំងថវិកា និងបច្ចេកទេសដល់វិស័យសុខាភិបាលកម្ពុជា តាំងពីកម្មវិធីកំណែទម្រង់វិស័យសុខាភិបាល រហូតមក ជាពិសសេសក្នុងកាលៈទេសៈដែលកម្ពុជា ក៏ដូចជាពិភពលោកបានកំពុងតែជួបប្រទះនឹងវិបត្តិ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩។

រដ្ឋាភិបាលនៃចក្រភពអង់គ្លេស បានផ្តល់ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នូវវ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន ៤១៥,០០០ដូស និងមួយចំនួនទៀតតាមរយៈយន្តការកូវ៉ាក់។ តាមរយៈអង្គការសុខភាពពិភពលោក ហើយចក្រភពអង់គ្លេស ក៏បានជួយគាំទ្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាត នៃជំងឺកូវីដ-១៩ ដូចជាការបណ្តុះបណ្តាលធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលជាដើម៕