(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងណែនាំស្តីពី ក្របខណ្ឌគតិយុត្ត យន្តការ និង នីតិវិធីនៃការអនុវត្តចំណូលមិនមែនសារពើពន្ធ សម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជូនថ្នាក់ដឹកនាំ និង មន្រ្តីជំនាញ តំណាងអង្គភាពអនុវត្តចំណូលមិនមែនសារពើពន្ធ ទាំងថ្នាក់កណ្តាល និង ថ្នាក់មូលដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចំនួន ១៤០ នាក់ ដើម្បីពង្រឹងប្រសិទ្ធភាព, តម្លាភាព, គណនេយ្យភាព និង អនុលោមភាពតាមបទដ្ឋានគតិយុត្ត ក្នុងការគ្រប់គ្រង និង ការអនុវត្តចំណូលមិនមែនសារពើពន្ធ សម្រាប់ផ្ទៃក្នុងក្រសួង ។

កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងចំណូលមិនមែនសារពើពន្ធប្រចាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ, អគ្គលេខាធិការក្រសួង, តំណាងអង្គភាពអនុវត្តចំណូលមិនមែនសារពើពន្ធ នៅថ្នាក់កណ្តាល និង ថ្នាក់មូលដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ព្រមទាំងវាគ្មិនមកពីអគ្គនាយកដ្ឋានជំនាញ និង សិក្ខាកាម ។

នៅក្នុងកម្មវិធីនេះ លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ចំណូលមិនមែនសារពើពន្ធ បានដើរតួជាផ្នែកមួយយ៉ាងសំខាន់ក្នុងរចនាសម្ព័ន្ធថវិកា និង ជាប្រភពធនធានអចិន្រ្តៃយ៍មួយដែលមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល ដែលត្រូវបានគ្រោងប្រមាណ ៨ ភាគរយ នៃគម្រោងចំណូលចរន្តសរុបរបស់ថវិកាជាតិ ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ២០២៣ ។ ការកៀគរប្រភពចំណូលមិនមែនសារពើពន្ធ ត្រូវបានរាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រជាបន្តបន្ទាប់ រួមមានយុទ្ធសាស្ត្រកៀរគរចំណូល រយៈពេលមធ្យមឆ្នាំ ២០១៤-២០១៨ និង យុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ ២០១៩-២០២៣ ព្រមទាំងជំរុញការអនុវត្តច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ សំដៅជំរុញកំណើនចំណូលមិនមែនសារពើពន្ធ និយាយដោយឡែក និង ជំរុញកំណើនចំណូលថវិកាជាតិ និយាយជារួម។

លោកបណ្ឌិតសភាចារ្យ បានជម្រាបជូនអង្គពិធីថា ប្រភពចំណូលមិនមែនសារពើពន្ធបានមកពីទ្រព្យសម្បត្តិរដ្ឋ និង សេវាសាធារណៈ រួមមាន៖ ចំណូលពីសេវាគយនិងរដ្ឋាករ, សេវាពន្ធដារ, សេវាកិច្ចលទ្ធកម្ម, ចំណូលពីវិស័យល្បែងពាណិជ្ជកម្ម, ចំណូលពីវិស័យសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ផលហិរញ្ញវត្ថុផ្សេងទៀត ។ ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធនេះ គឺជាការងារមួយដ៏មានសារៈសំខាន់ ដែលទាមទារឱ្យមានយន្តការគ្រប់គ្រងមួយច្បាស់លាស់។

លោកបណ្ឌិតសភាចារ្យ បានគូសរំលេចអំពីសារៈសំខាន់នៃសិក្ខាសាលានេះថា សិក្ខាកាមដែលជាអ្នកអនុវត្តការងារផ្ទាល់ នឹងទទួលបាននូវបទពិសោធន៍ល្អៗ និង ចំណេះដឹងថ្មីៗ លើការងារអនុវត្តចំណូលមិនមែនសារពើពន្ធ សម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តាមរយៈបទបង្ហាញផ្សេងៗរបស់វាគ្មិនជំនាញ និង វេទិកាសំណួរ-ចម្លើយ។ សិក្ខាសាលានេះ ក៏នឹងផ្តល់ឱកាសដល់សិក្ខាកាម ក្នុងការស្វែងយល់ឱ្យបានស៊ីជម្រៅ និង គ្រប់ជ្រុងជ្រោយ ជុំវិញបរិបថនៃការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ តាមរយៈការជួបពិភាក្សាផ្ទាល់ជាមួយវាគ្មិនមកពីអគ្គនាយកដ្ឋានជំនាញ។

លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ជូនអង្គពិធីផងដែរថា តាមរយៈកិច្ចការនេះ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹងក្លាយជាក្រសួងគំរូ និង នាំមុខគេ ក្នុងការគ្រប់គ្រង និង ការអនុវត្តចំណូលមិនមែនសារពើពន្ធ សម្រាប់ផ្ទៃក្នុងក្រសួង ដើម្បីបង្ហាញទៅក្រសួង ស្ថាប័នផ្សេងទៀត។ ក្នុងន័យនេះ, លោកបណ្ឌិតសភាចារ្យ បានណែនាំក្រុមការងារគ្រប់គ្រងចំណូលមិនមែនសារពើពន្ធប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.គ.ម.) ឱ្យបន្ត និង ខិតខំចូលរួមសហការកាន់តែជិតស្និទ្ធ ជាមួយអង្គភាពអនុវត្តចំណូលមិនមែនសារពើពន្ធ ទាំងថ្នាក់កណ្តាល និង ថ្នាក់មូលដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ព្រមទាំងអង្គភាពពាក់ព័ន្ធ តាមរយៈមន្ត្រីបង្គោលប្រចាំអង្គភាពនីមួយៗ សំដៅធានាការគ្រប់គ្រង និង ការអនុវត្តចំណូលមិនមែនសារពើពន្ធ សម្រាប់ផ្ទៃក្នុងក្រសួង អាចអនុវត្តបានដោយរលូន និង ប្រកបដោយប្រសិទ្ធភាព ព្រមទាំងបន្តកសាងភាពជាគំរូក្នុងការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ៕