(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ការផ្លាស់ប្តូរគេហទំព័រផ្លូវការ របស់ធនាគារជាតិនៃកម្ពុជា ពី www.nbc.org.kh ទៅជា www.nbc.gov.kh

សេចក្ដីជូនដំណឹងបានបញ្ជាក់ថា ដើម្បីពង្រឹងសុវត្ថិភាព ក្នុងការគ្រប់គ្រង និងប្រើប្រាស់គេហទំព័រផ្លូវការ របស់ធនាគារជាតិនៃកម្ពុជា ក៏ដូចជាឲ្យមានសង្គតិភាព ជាមួយរាជរដ្ឋាភិបាលក្នុងការប្រើប្រាស់ ឈ្មោះដែនជាតិ នៅក្នុងបណ្តាញសកល (ប្រព័ន្ធអ៊ីនធឺណែត) ធនាគារជាតិនៃកម្ពុជា បានធ្វើការផ្លាស់ប្តូរគេហទំព័រផ្លូវការពី www.nbc.org.kh ទៅជា www.nbc.gov.kh ដែលគេហទំព័រថ្មីនេះ អាចប្រើប្រាស់បានចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ទន្ទឹមនេះ សាធារណជនអាចស្វែងរកព័ត៌មាន ទិន្នន័យ និងឯកសារច្បាប់ និងបទប្បញ្ញត្តិ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ធនាគារជាតិនៃកម្ពុជា នៅក្នុងគេហទំព័រថ្មីនេះ ដូចគ្នាទៅនឹងគេហទំព័រចាស់។ គួរបញ្ជាក់ថាគេហទំព័រចាស់ មានសុពលភាពប្រើប្រាស់បាន រហូតដល់ដំណាច់ឆ្នាំ២០២៣៕