(សៀមរាប)៖ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងទឹកជញ្ជូន បានថ្លែងណែនាំដល់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប ពង្រឹងស្ថាប័ននិងធនធានមនុស្សលើវិស័យគ្រប់គ្រងប្រព័ន្ធលូ សំណល់ភក់ ស្ថានីយចម្រោះទឹកកខ្វក់ ជាពិសេសពង្រឹងការផ្តល់សេវាអនាម័យដែលមានចរិតជាអាជីវកម្ម។

លោក រស់ វណ្ណា បានថ្លែងណែនាំយ៉ាងដូចនេះ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពបច្ចុប្បន្នភាពរបស់ការិយាល័យលូទឹក និងស្ថានីយចម្រោះទឹកកខ្វក់ ខេត្តសៀមរាប ក្នុងគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមហិរញ្ញប្បទានឥណទានរបស់ធនាគារពិភពលោក ដោយមានការចូលរួមពីអគ្គនាយករង តំណាងអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ប្រធាន អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប និងមន្ត្រីពាក់ព័ន្ធ។

នាឱកាសនោះ លោករដ្ឋលេខាធិការ បានស្នើឱ្យអង្គប្រជុំពិនិត្យបន្ថែមលើឯកសារពាក់ព័ន្ធមួយចំនួនរួមមាន៖ ប្រកាសលេខ.៣៩៣ សក.ប្រក និងប្រកាសលេខ.១៩០ ប្រក. សក.បធ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ដែលមានការិយាល័យចំណុះមន្ទីរ និងអង្គភាពក្រោមឱវាទ ជាពិសេសផ្តោតលើមុខងារ និងភារកិច្ចការិយាល័យលូទឹក និងស្ថានីយចម្រោះទឹកកខ្វក់ និងអង្គភាពលូទឹក និងស្ថានីយចម្រោះសំអាតទឹកកាកសំណល់។

សូមជម្រាបថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ជាអង្គភាពជំនាញមូលដ្ឋាននៅថ្នាក់ក្រោមជាតិ ស្ថិតក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន មានភារកិច្ចអនុវត្ត និងអន្តរាគមន៍ជាបន្ទាន់លើការសាងសង់ ជួសជុលថែទាំសំណង់ហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធលូបង្ហូរ ស្ថានីយចម្រោះទឹកកខ្វក់៕