(សៀមរាប)៖ សាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញ បានបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ដល់សិស្សនាយនគរបាល និងសិស្សនាយនគរបាលជ័យលាភីជំនាន់ទី១៦ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យចំនួន១៨៧នាក់ ក្នុងនោះ ក៏បានប្រគល់វិញ្ញាបនបត្រសិក្សាដល់សិស្សនគរបាលជ័យលាភីចំនួន ១៥នាក់ផងដែរ។

ក្នុងពិធីវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៦ ក៏មានការចូលរួមជាអធិបតីពីលោកនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងលោកឧត្តមសេនីយ៍ទោ សាយ រិទ្ធីសក្តិ នាយកសាលានគរបាលជាតិភូមិភាគ៤ ព្រមទាំងសិស្សនាយនគរបាលជាច្រើនចូលរួមផងដែរ។

លោកនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន បានលើកឡើងថា បណ្ឌិត្យសភានគរបាលកម្ពុជា បានបំពេញភារកិច្ចស្នូលរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ លើការងារបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិ ដែលជាការងារអាទិភាពចាំបាច់ និងត្រូវបន្តធ្វើជាប់ជាប្រចាំ ក្នុងគោលបំណងធ្វើឲ្យកងកម្លាំងនគរបាលជាតិ មានចំណេះដឹង ជំនាញវិជ្ជាជីវៈពិតប្រាកដ និងមានអាកប្បកិរិយាល្អ ដើម្បីបម្រើការងារក្នុងវិស័យសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ និងសុវត្ថិភាពសង្គមប្រកបដោយប្រសិទ្ធភាពខ្ពស់ ស្របតាមតម្រូវការនៃអង្គភាពប្រើប្រាស់ កងកម្លាំង ផែនការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលជាដើម។

លោកនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន បានបន្តថា សិស្សនគរបាលជ័យលាភីទាំងអស់ បានក្លាយខ្លួនជាមន្តី្រនគរបាលបន្តវេន និងជាធនធានមនុស្សថ្មីមានគុណភាព និងសមត្ថភាពសមស្រប ដែលរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃបានជ្រើសរើសយកមកបម្រើជាតិ និងប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ហើយត្រូវខិតខំរៀនសូត្រអនុវត្តបន្ថែមទៀតទៅថ្ងៃអនាគត។

លោកឧត្តមសេនីយ៍ទោ ក៏បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាលានគរបាលជាតិភូមិភាគ៤ ក្នុងការបំពេញភារកិច្ចទទួលខុសត្រូវប្រកបដោយជោគ ជ័យតាមផែនការកំណត់ ព្រមទាំងបានថ្លែងកោតសរសើរដល់សិស្សនគរបាលជ័យលាភីទាំងអស់ ដែលបានខិតខំសិក្សាហ្វឹកហាត់ និងគោរពវិន័យសាលាបានល្អ រហូតទទួលបានជោគជ័យក្នុងការសិក្សា។
លោកឧត្តមសេនីយ៍ទោ លើកទៀតថា «យើងត្រូវបន្តអនុវត្តទៅតាមផែនការ និងស្តង់ដាគុណភាពដែលបានកំណត់ ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ព្រមទាំងបានផ្ដល់នូវអនុសាសន៍ដល់ប្អូនៗ សិស្សនគរបាលជ័យលាភីទាំងអស់ ឲ្យយកចំណេះដឹង និងជំនាញទៅប្រើប្រាស់ឲ្យមានប្រយោជន៍ដល់អង្គភាព និងសង្គមជាតិផងដែរ»។

គួររំលឹកផងដែរ កាលពីព្រឹកថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សាយ រិទ្ធីសក្តិ បានសំណេះសំណាល និងផ្តល់ជាគន្លឹះសំខាន់ៗដល់សិស្សនគរបាលនៃវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៦ និងប្រគល់វិញ្ញាបនបត្រសិក្សាដល់សិស្សនគរបាល ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនៅក្នុងសាលានគរបាលជាតិភូមិភាគ៤ មុនកម្មវិធីបិទវគ្គផងដែរ៕