(កំពង់ធំ)៖ លោក ម៉ាន សុគ្រី រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងណែនាំដល់មន្ត្រីកសិកម្មខេត្តកំពង់ធំ ពង្រឹងការគ្រប់គ្រងធនធានជលផល ដីធ្លី និងគ្រប់គ្រងធនធានព្រៃឈើ និងសត្វព្រៃប្រកប ដោយនិរន្តភាព ដោយសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធក្នុងការទប់ និងបង្រ្កាបបទល្មើសក្នុង ដែនសមត្ថកិច្ចរបស់ខ្លួន។

លោក ម៉ាន សុគ្រី បានថ្លែងណែនាំដូចនេះ នារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងឱកាសបិទកិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៣ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ។

ជាមួយគ្នានោះលោក ម៉ាន សុគ្រី បានឱ្យដឹងទៀតថា វិស័យកសិកម្មក៏នៅជួប បញ្ហាប្រឈម មួយ ចំនួនដូចជា៖ សមត្ថភាព និងហេដ្ឋារចនាសម្ព័ន្ធ របស់ ការងារស្រាវជ្រាវកសិកម្មនៅមិនទាន់ ឆ្លើយតប ទៅ នឹង តម្រូវការជាក់ស្តែង។ ផលិតកម្មដំណាំកសិកម្មនៅមាន ផលិតភាពទាប កសិកម្មនៅមានកម្រិតព្រមទាំងកង្វះការ វិនិយោគ លើការ កែច្នៃ។ ប្រព័ន្ធកសិកម្មនៅ កម្ពុជា ភាគ ច្រើន ជា កសិកម្មខ្នាតតូច ដែលតែងតែទទួលរង នូវ ផល ប៉ះពាល់ ជា អវិជ្ជមានពី បាតុភូត ធម្មជាតិ នៃការ ប្រែប្រួល អាកាស ធាតុ។ ការទប់ស្កាត់បទ ល្មើស ព្រៃឈើ និង ជលផល ការ នាំ ចេញ ជ័រ និង ឈើ កៅស៊ូ មិនទាន់ កែច្នៃ ការ នាំ ចូលសត្វ និងសម្ភារកសិកម្មខុសច្បាប់ នៅ មាន កម្រិត ។ ហេដ្ឋា រចនា សម្ព័ន្ធ គាំទ្រ ផលិតកម្ម ក៏ដូច ជា ផលិត កម្មក្នុងស្រុកពុំទាន់ បាន បំពេញ គ្រប់ គ្រាន់ ទៅ តាមតម្រូវការ។ ការ លំបាកក្នុង ការ រកទីផ្សារ លក់ ផលិតផលកសិកម្ម និង ការ អនុវត្តផលិតកម្ម កសិកម្ម តាម កិច្ចសន្យា នៅជួបបញ្ហា។

បន្ថែមពីនេះលោក ម៉ាន សុគ្រី ក៏បានអំពាវនាវបន្ថែមសូមថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទត្រូវយកចិត្តទុក ដាក់ពង្រឹងការងារដឹកនាំ គ្រប់គ្រង និងទទួលខុសត្រូវខ្ពស់ គោរពវិន័យ ក្រមសីលធម៌ រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងការគោរពវិជ្ជាជីវៈរបស់មន្រ្តីរាជការឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងខិតខំដោះស្រាយនូវបញ្ហាប្រឈម ដែលនៅសេសសល់ក្នុងឆ្នាំ២០២២។ រាល់លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងផែនការយុទ្ធសាស្ត្រ ដែលរាជរដ្ឋាភិបាល ក៏ដូចក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដាក់ចេញ ដោយផ្សារភ្ជាប់ ទៅ នឹងការសិក្សាស្រាវជ្រាវ រិះរកមធ្យាបាយ និងវិធានការនានា ដើម្បីប្រែក្លាយ កសិកម្មកម្ពុជា ជាកសិកម្មទំនើបផងដែរ៕