(ភ្នំពេញ)៖ តំបន់សេដ្ឋកិច្ចពិសេសមួយ នឹងលេចរូបរាងឡើងនៅលើទឹកដីនៃស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងទំហំផ្ទៃដី៩០ហិចតា ដែលផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋប្រមាណ៥ម៉ឺននាក់។

នេះបើតាមការឲ្យដឹងពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ថ្លែងក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកំពង់ចាម» នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក អ៊ុន ចាន់ដា បានអះអាងថា គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានអនុម័តរួចរាល់ហើយ ដែលរហូតមកដល់ពេលនេះ ក្រុមការងារកំពុងរៀបចំឈូសឆាយដី នៅទីតាំងដែលបានកំណត់ស្ថិតក្នុងស្រុកជើងព្រៃ។

អភិបាលខេត្តកំពង់ចាម បានថ្លែងយ៉ាងដូច្នេះថា «រដ្ឋបាលខេត្តទើបទទួលបានគម្រោងមួយ គឺការបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយ នៅក្នុងឆ្នាំបន្ទាប់នេះ។ គម្រោងនេះទទួលបានការអនុម័តពី CDC ក្នុងទំហំផ្ទៃដី៩០ហិចតាជាងនេះ កំពុងរៀបចំឈូសឆាយ។ យើងរំពឹងថានឹងបង្កើននូវឱកាសការងារដល់ទៅ៥ម៉ឺននាក់ សម្រាប់ប្រជាពលរដ្ឋនៅខេត្តកំពង់ចាមផងដែរ»

សម្រាប់វិស័យការងារ នៅខេត្តកំពង់ចាម ត្រូវបានលោក អ៊ុន ចាន់ដា ឲ្យដឹងថា ខេត្តមានសហ​គ្រាសគ្រឹះស្ថាន សរុប៤៦៣គ្រឹះស្ថាន ដែលបានស្រូបយកកម្លាំងកម្មករ និយោជិត សរុប៤៤,៦៣៥នាក់ ស្រីចំនួន ៣៤,៣៦០នាក់ ក្នុងនោះ រោងចក្រកាត់ដេរ និងដេរស្បែកជើង ចំនួន២២កន្លែង (នៅស្រុកបាធាយ ជើងព្រៃ ព្រៃឈរ កងមាស កំពង់សៀម និងក្រុងកំពង់ចាម) មានកម្មករ-កម្មការីនីចំនួន ៣២,៤៥៣នាក់ (ស្រី ២៩.៤០៥នាក់)។

តាមរយៈតំបន់សេដ្ឋកិច្ចពិសេសដែលនឹងលេចរូបរាងឡើងនៅពេលឆាប់ៗខាងមុខនេះ គេរំពឹងយ៉ាងមុតមាំថា នឹងផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋនៅស្រុកជើងព្រៃ និយាយដោយឡែក និងនិយាយជារួម ប្រជាពលរដ្ឋនៅខេត្តកំពង់ចាម ដែលជាការរុញនូវកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិកាន់តែរីកច្រើនបន្ថែមទៀត៕