(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (អាយ.ស៊ី.អរ.ស៊ី-ICRC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួយហិរញ្ញវត្ថុ សម្រាប់ឆ្នាំ២០២៣ ដែលធ្វើឡើងក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោកស្រី ឌីណា ហ្វីស៊ើរ ប្រធានបេសកកម្ម អាយ.ស៊ី.អរ.ស៊ី ប្រចាំតំបន់ កម្ពុជា ឡាវ និងវៀតណាម។

ការចុះហត្ថលេខា ដែលបានធ្វើឡើងនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ គឺអាយ.ស៊ី.អរ.ស៊ី បានផ្តល់ថវិកាចំនួន ៨៦,២៨៨,០០ដុល្លារ សម្រាប់អនុវត្ត កម្មវិធីជាក់លាក់ទៅតាមផែនការដែលបានកសាងរួមគ្នា ដោយផ្តោតលើ គឺទី១៖ ការងារស្តារទំនាក់ទំនងគ្រួសារ, ទី២៖ ការការពារបដិរូប លើកកម្ពស់គោលការណ៍គ្រឹះ ច្បាប់មនុស្សធម៌អន្តរជាតិ, ទី៣៖ សុវត្ថិភាពសហគមន៍ និងពិការភាព និងទី៤៖ បន្តតាមដានការរីកចម្រើននៃការអនុវត្តក្របខណ្ឌបំពេញការងារប្រកបដោយសុវត្ថិភាព។

លោក ពុំ ចន្ទីនី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះ លោកស្រី ឌីណា ហ្វីស៊ើរ និងថ្នាក់ដឹកនាំ អាយ.ស៊ី.អរ.ស៊ី. ទាំងអស់ ដែលតែងតែឧបត្ថម្ភគាំទ្រដល់សកម្មភាពកាកបាទក្រហមកម្ពុជា និងកិច្ចសហប្រតិបត្តិការល្អ ក្នុងគ្រប់ស្ថានភាពនយោបាយ ជាពិសេសចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ និងជួយបច្ចេកទេសពង្រឹងការអនុវត្តច្បាប់មនុស្សធម៌អន្តរជាតិ ការអនុវត្តកម្មវិធីជាក់លាក់ ព្រមទាំងមានផែនការប្រចាំឆ្នាំ ដូចជាការផ្សព្វផ្សាយលើកកម្ពស់គោលការណ៍គ្រឹះ សួរសុខទុក្ខអ្នកទោស ស្តារទំនាក់ទំនងគ្រួសារ។

លោកស្រីអគ្គលេខាធិការបានបញ្ជាក់ថា ការពិភាក្សាថ្ងៃនេះដែរ ភាគីទាំងពីរមានការផ្តោតទៅលើខ្លឹមសារមួយនៅក្នុងបរិបទតំបន់ និងពិភពលោក គឺការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាមួយកំពុងតែប្រឈមជាសកល ហើយភាគីទាំងពីរ នឹងបន្តផ្លាស់ប្តូរទំនាក់ទំនងព័ត៌មានឱ្យគ្នាទៅវិញទៅមក ដើម្បីតាមដានក្នុងការវិវត្តន៍ការងារឲ្យកាន់តែជិតស្និត។ ក្នុងបរិបទជំងឺកូវីដ-១៩ កិច្ចសហប្រតិបត្តិការមួយចំនួន មិនបានអនុវត្តតាមផែនការគ្រោងទុក ដូច្នេះក្នុងកិច្ចពិភាក្សានេះដែរ កាកបាទក្រហមកម្ពុជា បានស្នើសុំ អាយ.ស៊ី.អរ.ស៊ី គិតគូរឡើងវិញឲ្យមានសកម្មភាពបន្ដនៅឆ្នាំ២០២៤ និងឆ្នាំក្រោយៗទៀត។

ជាការឆ្លើយតបលោកស្រី ឌីណា ហ្វីស៊ើរ បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការល្អៗកន្លងមក ហើយលោកស្រីនឹងបន្ដពង្រឹងកិច្ចសហប្រតិបត្ដិការនេះកាន់តែល្អប្រសើរបន្ថែមទៀត។ ទន្ទឹមនឹងនោះ លោកស្រី ឌីណ ហ្វីស៊ើរ បានកោតសសើរចំពោះកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ក្នុងការដឹកនាំកាកបាទក្រហមកម្ពុជា កាន់តែមានភាពរឹងមាំ។

លោកស្រីប្រធានបេសកម្ម អាយ.ស៊ី.អរ.ស៊ី. រូបនេះក៏បានកោតសសើរចំពោះ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសំអាតមីន នៅតាមតំបន់ប្រឈមមួយចំនួន នៅក្នុងប្រទេសកម្ពុជា។ លើសពីនោះទៀតកម្ពុជា ក៏បានបណ្តុះបណ្តាលអ្នកដោះមីន ទៅដល់ ប្រទេសអ៊ុយក្រែនថែមទៀតផង៕