(ត្បូងឃ្មុំ)៖ ការដ្ឋានដាំផ្កាស្បៃរឿងចំនួន១លានដើម ដែលជាអំណោយរបស់លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានរៀបចំរួចជាស្រេចហើយ នៅជុំវិញទន្លេស្ងួត ក្នុងតំបន់ប្រាសាទព្រះធាតុបាស្រី ស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ផ្កាស្បៃរឿងទាំង១លានដើម ដែលគ្រោងដាំនៅទីនេះ គឺថ្វាយដល់ទេវតាឆ្នាំថ្មី ដែលគ្រោងយាងមកប្រោសព្រំពរជ័យសិរីសួស្តី ជូនប្រជារាស្រ្ត ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិ នៅក្នុងពាក់កណ្តាលខែមេសា ឆ្នាំ២០២៣ និងយាងគ្រប់គ្រងទឹកដីនៃព្រះរាជារាណាចក្រកម្ពុជាខាងមុខ។

លោក អ៊ាង សុផល្លែត ដឹកនាំក្រុមការងារចុះមូលដ្ឋាន ចុះពិនិត្យ និងសិក្សាជាច្រើនដង រួចមកហើយ ដើម្បីកែលម្អសោភ័ណភាព អនាម័យ និងថែរក្សាធនធានធម្មជាតិ នៃតំបន់ប្រវត្តិសាស្រ្តទន្លេស្ងួត ដើម្បីទុកជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ ជាពិសេសការពង្រឹងជីវភាពសហគមន៍ តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិផ្សាភ្ជាប់ទឹកដី។ ជាមួយគ្នានេះ ក្រុមការងារបានរៀបចំហេដ្ឋរចនាសម្ព័ន្ធនៅកន្លែងដាំផ្កាស្បៃរឿង ដែលផ្តល់ផ្តល់ប្រយោជន៍ដូចជាទីន្លែងស្តុកទឹក យ៉ាងសំខាន់ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ សម្រាប់បង្កើនផលកសិកម្មផងដែរ។

លោក ទ្រី ពៅ មេឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំបានលើកឡើងថា «ទីតាំងការដ្ឋានដាំផ្កាស្បៃរឿង ជាប់និងទន្លេស្ងួត នេះគឺជាអំណោយរបស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកអូររាំងឪ។ ឯកឧត្តមបានដែលបានចង្អុលបង្ហាញឱ្យអាជ្ញាធរចូលរួមកែលម្អទីតាំងប្រវត្តិសាស្រ្ត ជារម្មណីយដ្ឋានស្រស់ស្អាត ទុកជូនសម្រាប់បងប្អូនប្រជាពលរដ្ឋមកលេងចូលឆ្នាំខ្មែរនៅពេលខាងមុខនេះ»។

អ្នកស្រី វណ្ណា រី ប្រជាពលរដ្ឋភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានបង្ហាញអារម្មណ៍សប្បាយរីករាយ នៅពេលដែលមូលដ្ឋានឃុំព្រះធាតុ ជាពិសេសនៅក្នុងស្រុកអូររាំងឪ បានទទួលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា និងជួយដោះស្រាយការលំបាក និងពង្រឹងជីវភាពប្រជាពលរដ្ឋជាប្រចាំ។ ជាមួយគ្នានេះ សមិទ្ធផលថ្មីនៃក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪនឹងជួយឱ្យតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ត ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិប្រវត្តិសាស្រ្តដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរមកពីទីជិតឆ្ងាយ ហើយនឹងបង្កើនចំណូលបន្ថែមដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋាន។

ដូចគ្នាដែរ លោក ស្វាយ សារឿន មេភូមិថ្នល់កែងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានលើកឡើងថា «ទីតាំងប្រវត្តិសាស្រ្តនេះ ត្រូវបានកែប្រែបន្ថែមពិសេសគឺការដាំផ្កាស្បៃរឿង១លានដើម នេះដែល និងបង្កើនចំនួនភ្ញៀវទេសចរមកកាន់តំបន់នេះកាន់តែច្រើន ពិសេសនៅក្នុងកំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ដែលនឹងជំរុញជីវភាពប្រជាពលរដ្ឋ ក៏ដូចជាអាចនិងមានទឹកគ្រប់គ្រាន់សម្រាប់បង្កបង្កើនផលគ្រប់រដូវទៀតផងដែរ»។

ផ្កាស្បៃរឿង១លានដើមនឹងដុះរីកសុះសាយ រឿងទុំក្រាលើដងទន្លេប្រវត្តិសាស្រ្ត ហើយនឹងធ្វើឱ្យអារម្មណ៍អ្នកទេសចរណ៍ មកពីទីជិតទីឆ្ងាយ អាចមកសម្រាកកាយ កម្សាន្តសប្បាយ ជាមួយសមិទ្ធផលថ្មី លើទឹកដីស្រុអូររាំងឪ ដែលកើតចេញពថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ពិសេសគណៈពង្រឹងមូដ្ឋាន ដើម្បីទុកជាកេរ្ត៍តំណែលតកូនចៅជំនាន់ក្រោយនូវអ្វីដែលកើតចេញពីសុខសន្តិភាពពេលនេះ។

គួរបញ្ជាក់ថា យោងតាមរឿងព្រេងបុរាណតំណាលតៗគ្នា ពាក់ព័ន្ធទៅនឹងប្រវត្តិទន្លេស្ងួតនេះ បានឱ្យដឹងថា កាលដើមឡើយ ព្រះមហាក្សត្រខ្មែរ ធ្លាប់មកបែរបន់ សម្រេចដូចព្រះទ័យដែលបានបែបន់ និងបន្ទាប់មកព្រះអង្គបានយាងថ្វាយដង្វាយ រួមមានស្លាធម៌ដូងមាសមួយគូ នៅក្នុងទន្លេតែម្តង។ ក្រោយមកក៏កន្លែងនេះក្លាយជាទីកន្លែងគ្មានទឹក ហើយចាស់ៗហៅតគ្នាថា ទន្លេស្ងួត។

ព្រះមហាក្សត្រខ្មែរ សោយរាជតៗមកទៀត ក្នុងប្រវត្តិសាស្រ្ត ជាពិសេសចាស់ៗបាននិទានថាមានព្រះអង្គខ្មៅមានរិទ្ធិបារមី ខ្លាំងពូកែតាមជួយថែរក្សាទឹកដី បានស្ថិតនៅទី​នេះ។ ហើយក្នុងសម័យបុរាណនេះ មានការលើកឡើងថែមទៀតថា ស្ដេចកន ដែលជាក្សត្រខ្មែរមួយព្រះអង្គ សោយរាជ្យ នៅចន្លោះឆ្នាំ ១៥១២-១៥២៥ ក៏បានមកបន់​ស្រន់ សុំជ័យជោគក្នុងការធ្វើសឹកសង្រ្គាម នាសម័យបុរាណនោះដែរ។ ចាប់បីពេលនោះមក វត្តព្រះធាតុបាស្រី បានក្លាយជាដែនដី ដែលពោរពេញដោយជំនឿ និងការគោ​រព​រហូត​មក។

សូមបញ្ជាក់ថា នៅក្នុងខាងមុខវត្តព្រះធាតុបាស្រីអមសងខាងផ្លូវចូលវត្តមានគ្រឹះបា្រសាទបុរាណ ចំនួន២ ដែលសាងសង់អំពីថ្មបាយក្រៀម ហើយផ្នែកខាងស្ដាំដៃ គេហៅថាវិហារគុក និងផ្នែកខាងឆ្វេងដៃហៅថា វិហារព្រះនិពាន្ដ។ ចំណែកនៅក្នុងបរិវេណវត្តព្រះធាតុបាស្រីមានប្រាសាទបុរាណមួយកសាងឡើងអំពីថ្មភក់ក្នុងឆ្នាំ៩៨៣ នៃគ្រឹស្ដសករាជ សង់រាងជាការេដែលមានទំហំ ១៥ម៉ែត្រ គុណ១៥ម៉ែត្រ កម្ពស់៣៣ម៉ែត្រ។ វិសាលភាពប្រាសាទពីលិចទៅកើតប្រវែង ១.២៥០ម៉ែត្រ ពីត្បូងទៅជើងប្រវែង ៣០០ម៉ែត្រ៕