(ភ្នំពេញ)៖ ទោះបីជាក្រុមជនប្រឆាំងនិងជនបរទេសខ្លះខិតខំបំពងសំឡេង ថ្លែងអបអរសាទរជនសង្ស័យម្នាក់ឈ្មោះ ឈឹម ស៊ីថរ ដែលជា មេបាតុករខុសច្បាប់ បំផ្លាញផលប្រយោជន៍បុគ្គលិកណាហ្គា វើល បំផ្លាញក្រោយការរៀបចំផ្តល់ពានរង្វាន់សិទ្ធិមនុស្សពីក្រសួងការបរទេសសហរដ្ឋអាម៉េរិកក្តី តែប្រជាពលរដ្ឋខ្មែរទូទៅហាក់ដូចជាគ្មានការភ្ញាក់ផ្អើសនិងមិនចាប់អារម្មណ៍អ្វីសូម្បីបន្តិចឡើយ។

មិនភ្ញាក់ផ្អើលនិងមិនចាប់អារម្មណ៍ដោយសារតែនេះមិនមែនជាលើកទី១ ទេជនដែលដើរបញ្ច្រាស់ច្បាប់ អ្នកស្រែកតវ៉ាតាមដងផ្លូវ អ្នកញុះញង់ ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងអ្នកដែលបម្រើផែនការនយោបាយបរទេសប្រឆាំងនឹងច្បាប់ ប្រឆាំងនឹងផលប្រយោជន៍ជាតិតែងតែត្រូវបានផ្តល់ពានរង្វាន់ពីបរទេស និងលកើតម្កើងទៅជាវីរៈបុរសនិងវីរនារី ឬតួឯកខាងសិទ្ធិមនុស្ស ផ្នែកបរិស្ថានឬធនធានធម្មជាតិ។

នេះគឺ ជាការបំពាក់បំប៉នមនោគមន៍វិជ្ជា លើកទឹកចិត្តបន្ថែមដល់ក្រុមជនល្មើសច្បាប់និងក្រុមជនដែលបម្រើផលប្រយោជន៍បរទេស ឱ្យបន្តបំពានច្បាប់និងធ្វើសកម្មភាពវិទ្ធង្សនាប្រឆាំងនឹងប្រទេសខ្លួន ខណៈអ្នកការពារសិទ្ធិមនុស្ស លើកស្ទួយសិទ្ធិមនុស្ស សង្គ្រោះជីវិតមនុស្ស អ្នកការពារបរិស្ថានធនធានធម្មជាតិ និងការពារលទ្ធិប្រជាធិបតេយ្យពិតប្រាកដធ្វើឱ្យពលរដ្ឋរួចរស់ជីវិត មានសិទ្ធិពេញលេញមិនត្រូវបានលើកទឹកចិត្តផ្តល់ពានរង្វាន់ឡើយ។ ប៉ុន្តែអ្នកការពារសិទ្ធិមនុស្ស និងការពារជីវិតមនុស្សជាសិទ្ធិមូលដ្ឋានរបស់មនុស្សជាតិបែរជាត្រូវបានស្តីបន្ទោស រងការរិះគន់វាយប្រហារ និងដាក់ទណ្ឌកម្ម។

មជ្ឈដ្ឋានទូទៅយល់ឃើញថា ជនសង្ស័យ ឈឹម ស៊ីថរ មិនស័ក្តិសមនឹងត្រូវបានលើកតម្កើងដូច្នេះហើយក៏មិនស័ក្តិសមនឹង ឈ្មោះថាជាអ្នកការពារសិទ្ធិមនុស្សដែរ ប៉ុន្តែអាចជា «ខ្ញុំកញ្ជះបរទេសដាច់ថ្លៃ» ទើបស័ក្តិសមជាង ព្រោះបើយោងលើសកម្មភាពដែបុគ្គលនេះបានធ្វើនាពេលកន្លងមក គឺមិនមែនដើម្បីការពារ ផលប្រយោជន៍អតីតបុគ្គលិកណាហ្គាវើលឡើយ និងក៏មិនមែនជាអ្នកការពារសិទ្ធិមនុស្សផេះកណ្តាលចង្ក្រាន្តស្អីទេ ប៉ុន្តែជាសកម្មភាពនៃបាតុកម្មខុសច្បាប់ ទទួលបានការបង្គាប់បញ្ជា និងរៀបចំផែនការពីបរទេស ទទួលការគាំទ្រថវិកាពីក្រៅប្រទេសដែលអាចជាលុយកខ្វក់ ឬមានការពាក់ព័ន្ធនឹងហិរញ្ញប្បទានភេរវកម្ម ដែលពួកគេបានទទួលមកដើម្បីធ្វើសកម្មភាពប្រឆាំងតវ៉ា និងបង្កើតចលាចលក្នុងសង្គមកម្ពុជា។

ឈឹម ស៊ីថរ គឺជាប្រតិបត្តិករដ៏សកម្មម្នាក់ជាមួយប្រតិបត្តិករជាប្រធានអង្គការសង្គមស៊ីវិលផ្សេងទៀត ដែលទទួលការណែនាំនិងបង្ហាត់បង្រៀនដោយផ្ទាល់ពីបរទេស និងទទួលថវិកាពីអង្គការបរទេសដើម្បីធ្វើសកម្មភាពជាក់លាក់ប្រឆាំងនឹងសណ្តាប់ធ្នាប់សាធារណៈ។ មិនតែប៉ុណ្ណោះ កាន់តែមិនស័ក្តិសមទៅទៀតដែលថា ឈឹម ស៊ីថរ ជាអ្នកការពារសិទ្ធិមនុស្សព្រោះបានព្យាយាមធ្វើការគាបសង្កត់អតីតបុគ្គលិកណាហ្គាវើលមិនឱ្យទទួលយកដំណោះស្រាយ សមស្របស្របតាមច្បាប់ ព្រមទាំងបានញុះញង់ រារាំងនិងលាបពណ៌អ្នកដែលទទួលយកដំណោះស្រាយថាជាក្រុមលក់ក្បាលជាដើម។ នេះឬជាបុគ្គលដែលគេគួរលើកតម្កើងនោះ?

ចម្លើយគឺពិតជាមិនមែនឡើយ! អីចឹងតើហេតុអ្វីបានជាបរទេស ខិតខំផ្តល់ពានរង្វាន់ឱ្យទៅបុគ្គលដែលមិនគួរទទួល? វាជាយុទ្ធ សាស្ត្រក្នុងការបង្កើតតួអង្គដើម្បីសម្រេចនូវគោលបំណងអ្វីមួយ ហើយយុទ្ធសាស្ត្ររបៀបនេះគឺត្រូវបានអនុវត្តនៅតាមបណ្តាប្រទេសមួយចំនួនរួចហើយ។ ការធ្វើបែបនេះដើម្បីបង្កើនតម្លៃតួអង្គរបស់ខ្លួនប៉ុណ្ណោះ និងជំរុញលើកទឹកចិត្តតួអង្គផ្សេងទៀតដែលបម្រើនយោបាយរបស់ពួកគេឱ្យលេចធ្លោ និងលើកបញ្ជោរបន្ថែមតួអង្គផ្សេងៗទៀតជាតួឯក។

បើឈឹម ស៊ីថរ ពិតជាអ្នកការពារសិទ្ធិមនុស្សដូចដែលគេផ្តល់ពានរង្វាន់នេះ មិនមែនអតីតបុគ្គលិកណាហ្គាវើលដើរចេញពីខ្លួនបន្តិចម្តងៗនោះទេ បច្ចុប្បន្ននេះមានអតីតបុគ្គលិកណាហ្គាវើលប្រមាណ ១០០នាក់ប៉ុណ្ណោះដែលបន្តចាញ់ការញុះញង់របស់ឈឹម ស៊ីថរ និងបក្ខពួក ចំនួននេះនឹងបន្តថយចុះបន្តបន្ទាប់ទៀត ខណៈក្រុមអតីតបុគ្គលិកណាហ្គាវើលភាគច្រើនបានស្ម័គ្រចិត្តទទួលយកដំណោះស្រាយនិងសំណងសមស្រប និងអ្នកខ្លះចាប់ផ្តើមដឹងខ្លួនបណ្តើរៗថាកំពុងចាញ់បោកក្រុមឈ្មួញបាតុកម្ម។

ក្រុម ឈឹម ស៊ីថរ ដែលបន្តធ្វើបាតុកម្មជាងមួយឆ្នាំមកនេះ មិនមែនដើម្បីទាមទាររកដំណោះស្រាយស្របតាម ច្បាប់ស្តីពីការងារឡើយ តែបង្កប់ទៅដោយចេតនាទុច្ចរិតដែលមានការរៀបចំពីបរទេសដើម្បីបង្កើតទំនាស់ និងចិញ្ចឹមទំនាស់ បង្កបញ្ហារំខាននានា ក្នុងទិសដៅទាញជំនឿទុកចិត្តរបស់កម្មករកម្មការិនី និងបុគ្គលិកផ្សេងទៀតចំពោះរាជរដ្ឋាភិបាលកម្ពុជា។ ហើយក៏អាចនិយាយថាជាការបង្កើតឈ្នួនបំផ្ទុះកំហឹងប្រជាពលរដ្ឋដើម្បីឈានទៅធ្វើសកម្មភាពអ្វីផ្សេងទៀតដែរ។

តាមពិត បើតាមការវាយតម្លៃរបស់មជ្ឈដ្ឋានមួយចំនួនតូចលើកឡើងបែបចម្អកថា បើក្រសួងការបរទេសសហរដ្ឋអាម៉េរិកជ្រុលតែផ្តល់ពានរង្វាន់ក្នុងចំណោមអ្នកបង្កចលាចលនិងញុះញង់និងបម្រើនយោបាយ គួរតែជា «អប្សរាក្បាលត្រងោល សេង ធារី» ដែលខំកោរសក់ ធ្វើឆ្កួតផងធ្វើជាផង ទើបត្រឹមត្រូវ មិនមែន ឈឹម ស៊ីថរ ដែលត្រឹមតែគ្រាន់ឈរតវ៉ា បំផ្លាញឆ្នាំងបាយបុគ្គលិកផ្សេង ទៀត ពូកែខាងគំរាមកំហែង រើសអើងអ្នកទទួលយកលទ្ធផលសម្របសម្រួលទទួលសំណងនោះទេ។

ប៉ុន្តែសេណារីយ៉ូនេះ ប្រជាពលរដ្ឋខ្មែរពិតជាដឹងច្បាស់ថាគឺជាការបង្កើតតួអង្គថ្មីជំនួសតួអង្គចាស់ៗដូចជា សេង ធារី ជាដើម ព្រោះគេបានប្រើប្រាស់ជាចារកម្មអស់សាច់ទៅហើយ។ យុទ្ធសាស្ត្របង្កើតតួអង្គថ្មីតាមរយៈការការផ្តល់ពានរង្វាន់សិទ្ធិមនុស្សនេះ ដូចជារាក់កំផែលហើយក៏ប្រជាពលរដ្ឋបានដឹងច្បាស់ហើយដែរ។

ដូច្នេះហើយបានជាគ្មានការភ្ញាក់ផ្អើល និងគ្មានការចាប់អារម្មណ៍ តែទទួលនូវការពេប ជ្រាយ និងថ្កោលទោសទៅវិញទេព្រោះ ស្នាដៃ ឈឹម ស៊ីថរ នេះបានបង្កើតសោកនាដកម្មនិងការឈឺចាប់យ៉ាងច្រើនដល់បុគ្គលិកណាហ្គាវើល រួមមានបាត់បង់ការងារធ្វើ បាត់បង់ប្រាក់ចំណូល ខ្លះទទួលរងនូវការគំរាមកំហែង និងជះឥទ្ធិពលទៅដល់សេដ្ឋកិច្ចជាតិខណៈរាជរដ្ឋាភិបាលកំពុងខិតខំស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩។

មិនត្រឹមតែប៉ុណ្ណោះ មេបាតុកម្មរូបនេះបានធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាពជាតិដែលធ្វើឱ្យគេយល់ច្រឡំថាកម្ពុជាមិនគិតពីសិទ្ធិកម្មករកម្មការិនី ខណៈកម្ពុជាទទួលបាននូវការកោតសរសើរ និងបានគិតគូរយ៉ាងហ្មត់ចត់លើកកម្ពស់ជីវភាពកម្មករកម្មការិនីឱ្យកាន់តែប្រសើរថែមទៀត៕

ដោយចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣