(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជំរុញឱ្យនិស្សិតកម្ពុជាត្រូវប្រើប្រាស់ភាសាជាតិឱ្យបានទូលំទូលាយ និងសិក្សាឈ្វេងយល់ឱ្យច្បាស់ពីប្រវត្តិសាស្រ្តរបស់ខ្លួន ដើម្បីទុកជាគ្រឹះចំណេះដឹងសម្រាប់បំពេញការងារអភិវឌ្ឍជាតិទៅថ្ងៃអនាគត។

ការជំរុញបែបនេះរបស់លោកបណ្ឌិត សុខ ទូច បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពបិទបាឋកស្តីពី «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា ពីអង្គរទៅអង្គការ (The History of Cambodia : from Angkor to Angkar)» នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកបណ្ឌិត សុខ ទូច បានជំរុញយ៉ាងដូច្នេះថា៖ «សូមជម្រាបជូនពីដើមអត់មានសៀវភៅនិយាយពីអប្សរាទេ អីឡូវរាជបណ្ឌិត្យមានរួចហើយ បើអប្សរាណាមួយបែកបាក់ មិនត្រូវការភាសាបារាំង ភាសារុស្សី និងភាសាអង់គ្លេសទៀតនោះទេ ខ្មែរ ព្រោះខ្មែរយើងបានធ្វើរួចហើយ ក្នុងរយៈពេល៣ឆ្នាំ ហើយបកប្រែជា៥ភាសា ដូចនេះសូមប្អូនបានដឹងផង កុំអានតែភាសាអង់គ្លេសពេក»

លោកបណ្ឌិត សុខ ទូច បានបន្តថា រាជបណ្ឌិត្យសភាកម្ពុជា បានខិតខំស្រាវជ្រាវចងក្រងឯកសារប្រវត្តិសាស្ត្រ ហើយរាជបណ្ឌិត្យសភាកម្ពុជាក៏កំពុងស្រាវជ្រាវសរសេរពីប្រវត្តិសាស្ត្រប្រទេសកម្ពុជា ដោយមានបែងចែកជា៥សម័យកាល គឺទី១៖ សម័យបុរេប្រវត្តិសាស្ត្រ, ២៖ សម័យមុនអង្គរ, ៣៖ សម័យអង្គរ, ៤៖ សម័យក្រោយអង្គរ និង៥៖ សម័យទំនើប។

បន្ថែមពីនេះ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា កូនខ្មែរត្រូវតែមានមោទនភាពចំពោះអ្វីដែលខ្លួនមាន។ ប្រទេសជប៉ុន និងរុស្សីរីកចម្រើន គឺអត់មានភាសាអង់គ្លេសមួយឃ្លានោះទេ។

«ខ្មែរត្រូវជួយអាន ជួយលើកតម្កើងភាសាជាតិយើង ដើម្បីផលប្រយោជន៍ជាតិយើង គ្មានជាតិណាមួយរីកចម្រើនដោយមិនមោទនភាពជាតិខ្លួននោះទេ ដូច្នេះ ប្អូនៗត្រូវតែខិតខំរៀនពីប្រវត្តិសាស្ត្ររបស់យើង»។ នេះជាការលើកឡើងបន្ថែមរបស់លោកបណ្ឌិត សុខ ទូច។

លោកបណ្ឌិត យង់ ពៅ បានឱ្យដឹងថា ហេតុនេះទើបលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំគម្រោង «សរសេរប្រវត្តិសាស្ត្រប្រទេសកម្ពុជា» មានរយៈពេល៣ឆ្នាំ ដោយមានបែងចែកជា៥សម័យកាល ១៖ សម័យបុរេប្រវត្តិសាស្ត្រ ២៖ សម័យមុនអង្គរ ៣៖សម័យអង្គរ ៤៖ សម័យក្រោយអង្គរ និង៥៖ សម័យទំនើប...។ ការសិក្សាស្រាវជ្រាវបានរយៈពេល២ឆ្នាំហើយ និងបានទទួលលទ្ធផលប្រមាណ​៦០ភាគរយហើយ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា បាឋកថា ស្តីពី «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា ពីអង្គរទៅអង្គការ» ពិតជាសក្តិសមនឹងនិន្នាការបច្ចុប្បន្ន រួមនឹងចំណេះដឹងនៃដំណើរវិវត្តន៍ សង្គម នយោបាយកម្ពុជា ដែលនឹងបង្ហាញពីចក្រភពខ្មែររហូតដល់សម័យកាលអង្គការ (សម័យរុងរឿងបំផុត និងសម័យធ្លាក់ចុះដល់សូន្យ ក្នុងរវាង៨០០ឆ្នាំ) បានជាឯកសារជំនួយស្មារតីដ៏សំខាន់ដាស់តឿនប្រជាជាតិខ្មែរនូវគុណតម្លៃសុខសន្តិភាព។

លោកបានគូសរំលេចពីតួនាទីរាជបណ្ឌិត្យសភាកម្ពុជា ក្នុងការបណ្តុះបណ្តាល ស្រាវជ្រាវ រៀបវេទិកាធនាគារខួរក្បាលជាតិ អន្តរជាតិ ហើយកំពុងតែបានចូលរួមយ៉ាងសកម្មក្នុងការចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍសង្គមកម្ពុជា លើវិថី «សន្តិភាព និយម»៕