(ប៉ៃលិន)៖ ប្រជាពលរដ្ឋពីតាមខេត្តនានា បានចូលទៅស៉ីឈ្នួលកាប់ចិញ្ច្រាំមើមដំឡូងមី នៅក្នុងភូមិពេជ្រគីរី សង្កាត់ប៉ៃលិន ខេត្តប៉ៃលិន ដើម្បីបានថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ខណៈដែលថៅកែ បានទិញមើមដំឡូងមីពីតាមចំការប្រជាពលរដ្ឋ យកទៅចាក់គរឱ្យពួកគាត់នាំគ្នាកាប់ចិញ្ច្រាំ ដាក់ហាលស្ងួត រួចទើបគេប្រមូលលក់ក្នុងតម្លៃខ្ពស់ជាងមើមដំឡូងមីស្រស់។

បើតាមការរៀបរាប់ពីស្រ្តីរស់នៅភូមិពេជ្រគីរី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រាប់ថា ក្រោយសម្រាកពីការងារស្រែចំការនៅឯស្រុកកំណើតរៀងៗខ្លួន ពួកគាត់បានធ្វើដំណើរចូលក្នុងខេត្តប៉ៃលិន ដើម្បីបោះតង់សម្រាក ស៉ីឈ្នួលកាប់ចិញ្ច្រាំមើមដំឡូងមីឱ្យថៅកែនៅក្នុងខេត្តប៉ៃលិន បានថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។

ប្រភពបន្តទៀតថា ការកាប់ចិញ្ច្រាំមើមដំឡូងមីនេះ ក្នុង១កញ្ឆេទទួលបានប្រាក់កម្រៃ ១០០០រៀល ដោយក្នុង១ថ្ងៃៗ ពួកគាត់ដែលកាប់ចិញ្ច្រាំលឿន ទទួលបានថវិកាចាប់ពី ៣ទៅ ៤ម៉ឺនរៀល អ្នកខ្លះទៀត មានកូនប្រពន្ធ និងប្តី ជួយកាប់ចិញ្ច្រាំគ្នា ក៏បានថវិកា រហូតដល់ ១ថ្ងៃ ចាប់ពី ៨ទៅ ៩ម៉ឺនរៀលផងដែរ។

អ្នកខ្លះទៀត ធ្វើការពេលថ្ងៃ ហើយរហូតដល់ពេលយប់នាំគ្នាដាក់ភ្លើងអគ្គិសនីបំភ្លឺ កាប់ចិញ្ច្រាំបន្ថែម រហូតដល់យប់ជ្រៅ ទើបនាំគ្នាឈប់សម្រាក ដោយទទួលបានប្រាក់កម្រៃកាន់តែច្រើន ព្រោះពួកគាត់មិនចង់ធ្វើចំណាកស្រុក ទៅស៉ីឈ្នួលធ្វើការងារឱ្យគេនៅប្រទេសថៃនោះទេ ដោយលំបាកក្នុងការធ្វើដំណើរចេញចូល ត្រូវបង់ថ្លៃលិខិតឆ្លងដែន បើមានបញ្ហាជំងឺរោគាកើតឡើង ក៏លំបាកក្នុងការរកពេទ្យព្យាបាល ពិសេសគឺនឹកដល់ផ្ទះសម្បែងផងដែរ។

អ្នកខ្លះចូលទៅស៉ីឈ្នួលកាប់ចិញ្ច្រាំមើមដំឡូងមីនេះ អស់រយៈពេល ២ទៅ ៣ខែមកហើយ អ្នកខ្លះទៀតតែចូលមកបោះតង់ ស្នាក់នៅលើដី ដែលថៅកែជួលគេ ដើម្បីនាំគ្នាធ្វើការកាប់ចិញ្ច្រាំមើមដំឡូងមី រហូតដល់ពេលរដូវធ្លាក់ភ្លៀងនាខែខាងមុខ ទើបពួកគាត់នាំគ្នាឈប់សម្រាកត្រឡប់ទៅធ្វើស្រែឯស្រុកកំណើតរបស់ខ្លួនវិញ។

សូមបញ្ជាក់ថា តម្លៃទីផ្សារមើមដំឡូងមីពេលនេះ ឡើងថ្លៃខ្ពស់ខ្លាំង ដោយឈ្មួញទិញ ១គីឡូក្រាម តម្លៃ ៣.៣បាទ (ប្រាក់ថៃ) ឬជាង៣០០រៀល។ លុះកាប់ចិញ្ច្រាំហាលស្ងួត លក់បាន ១គីឡូក្រាម តម្លៃចាប់ពី៧.៥ទៅ៧.៨បាត ឬជាង៧០០រៀល ដែលតម្លៃនេះ គេចាត់ទុកថា ឡើងខ្ពស់ ជាងឆ្នាំនានាកន្លងមក ដែលមិនធ្លាប់មានផងដែរ៕