(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត បានចាត់ឲ្យក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ នាំយកសម្ភារគ្រឿងបរិក្ខារពេទ្យជូនដល់អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ដើម្បីពង្រីកសេវាសុខភាព នៅក្នុងពន្ធនាគារឲ្យកាន់តែល្អប្រសើរឡើង។

ពិធីផ្ដល់គ្រឿងបរិក្ខារពេទ្យខាងលើ បានធ្វើឡើងនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលពហុជំនាញព្រៃស ក្រោមវត្តមានឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីអគ្គរង ប្រធាននាយកដ្ឋាន មន្ត្រីពន្ធនាគារ រួមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោជាច្រើននាក់ទៀតផងដែរ។

សម្ភារបរិក្ខារពេទ្យដែលប្រគល់ជូនអគ្គនាយកដ្ឋានពន្ធនាគារ រួមមាន៖ គ្រែពេទ្យចំនួន ៣៣​ ឈុត រទេះជនពិការចំនួន ៩៩ ឈុត ឈើច្រត់ចំនួន ៤០ អុកស៊ីម៉ែត្រចំនួន ៦៣ ឈុត សម្ភារការពាររោគ PPE ចំនួន ១៥៥០ និងរ៉ាពីតេស្តរហ័សកូវីដ១៩ចំនួន ២០០០០ ។

លោក ឆែម សាវុធ បានថ្លែងថា «ក្នុងនាមថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធនាគារ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំមានមោកនភាពយ៉ាងក្រៃលែងដែលអគ្គនាយកដ្ឋានពន្ធនាគារ បានទទួលសម្ភារបរិក្ខារពេទ្យពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ ឯកឧត្តម ដែលតែងយកចិត្តទុកដាក់លើសុខភាពប្រជាពលរដ្ឋទូទៅក៏ដូចជាសុខភាពជនជាប់ឃុំទូទាំងប្រទេស»។

លោកបានថ្លែងបន្តថា វិស័យពន្ធនាគារនៅកម្ពុជាមានប្រវត្តិឆ្លងកាត់បញ្ហាប្រឈមលំបាកស្មុគស្មាញតាំងពីដើមរៀងមក ប៉ុន្តែដោយមានយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងក្របខ័ណ្ឌគោលនយោបាយ កែទម្រង់ពន្ធនាគារ ក្រសួងមហាផ្ទៃ យើងខិតខំដោះស្រាយកាត់បន្ថយភាពលំបាកទាំងឡាយជាបណ្ដើរៗជំរុញឲ្យពន្ធនាគារកម្ពុជាមានការវិវត្តរីកចម្រើនទៅមុខជាលំដាប់។

ការវិវត្តន៍ប្រែប្រួល នៃសង្គមជាតិពីមួយឆ្នាំទៅមួយឆ្នាំជាមួយនឹងការពង្រឹងវិធានការច្បាប់នានាចុងក្រោយនេះ បង្កើតឲ្យមានវិបត្តិកំណើនជនជាប់ឃុំហួសពីសមត្ថភាពផ្ទុករបស់ពន្ធនាគារដែលធ្វើឲ្យពន្ធនាគារទូទៅ ប្រឈមនឹងសម្ពាធការងារសន្តិសុខ សុវត្ថិភាពក៏ដូចជាប្រសិទ្ធភាពអនុវត្តស្ដារនីតិសម្បទាជនជាប់ឃុំ ជាពិសេសនោះសុខមាលភាពរបស់មន្ត្រី និងជនជាប់ឃុំផងដែរ។ ពាក់ព័ន្ធនិងបញ្ហាវិស័យសុខាភិបាល និងជំងឺឆ្លងនានាក្នុងពន្ធនាគារ ជាបញ្ហាប្រឈមដែលទាមទារឲ្យយើងដោះស្រាយរួមគ្នា។

លោកបានបន្តទៀតថា ឆ្លើយតបនឹងបញ្ហាប្រឈមខាងលើនេះយើងបានដាក់ចេញអនុវត្តរួមមាន៖ ការកសាងពង្រីកហេដ្ឋារចនាសម្ព័ន្ធដើម្បីស្រាយភាពចង្អៀតណែន បណ្ដុះបណ្ដាលមន្ត្រីសុខាភិបាលពង្រឹងសេវាសុខភាព ក្នុងពន្ធនាគារឲ្យបានប្រសើរឡើង។ ដោយបានស្នើសុំគោលការណ៍ពីអន្តរក្រសួង ដើម្បីពង្រីកពីកម្រិតប៉ុស្តិ៍សុខភាព ទៅជាមណ្ឌលសុខភាពនៅក្នុងមណ្ឌលអប់រំកែប្រែទីមួយ និងពង្រីកពីកម្រិតការិយាល័យសុខាភិបាលទៅជានាយកដ្ឋានសុខាភិបាលពន្ធនាគារចំណុះអគ្គនាយកដ្ឋានពន្ធនាគារ។

ក្នុងន័យនេះហើយដែលអគ្គនាយកដ្ឋានពន្ធនាគារបានខិតខំបណ្ដុះបណ្ដាលមន្ត្រីផ្នែកសុខាភិបាលកសាងធនធានមនុស្សនិងកៀគរការឧបត្ថម្ភគាំទ្រពីក្រសួង ស្ថាប័ន អង្គការដៃគូនានា ទាំងបច្ចេកទេស ដើម្បីឆ្លើយតបនិងតម្រូវបញ្ហាប្រឈមនានា ក្នុងការគ្រប់គ្រងពន្ធនាគារ។ ក្នុងរយៈពេលវិបត្តិជំងឺកូវីដ19 អគ្គនាយកដ្ឋានពន្ធនាគារបានប្រឹងប្រែងទប់ស្កាត់និងព្យាបាលនៅនឹងទីកន្លែង ពីការឆ្លងរីករាលដាលក្នុងពន្ធនាគារទទួលបានលទ្ធផលល្អប្រសើរ។ លទ្ធផលខាងលើនេះក៏ចំណែកនៃការចូលរួមគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ថ្នាក់ដឹកនាំក្រសួងដ៏ឈ្លាសវៃជាពិសេស«សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»ដែលបានធ្វើឲ្យការឆ្លងរីករាលដាលកូវីដ19 ត្រូវបានគ្រប់គ្រងបានទាំងស្រុងក្នុងពន្ធនាគារក៏ដូចជានៅក្នុងប្រទេសទាំងមូល។

ជាចុងក្រោយ ក្នុងនាមអគ្គនាយកដ្ឋានពន្ធនាគារ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ដែលតែងតែយកចិត្តទុកដាក់នឹងជួយឧបត្ថម្ភគាំទ្រដល់វិស័យសុខាភិបាល ក្នុងពន្ធនាគារ និងសូមបន្តគាំទ្រវិស័យពន្ធនាគារក្នុងប្រទេសកម្ពុជាឲ្យទទួលបានការរីកចម្រើនកាន់តែប្រសើរថែមទៀត៕