(ភ្នំពេញ)៖ សមាជិកព្រឹទ្ធសភា ប្រចាំរដ្ឋ Washington របស់សហរដ្ឋអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក Doug Ericksen បានថ្លែងប្រាប់ក្រុម អ្នកសារព័ត៌មាន នៅក្នុងស​ន្និសិទកាសែត​មួយនាវេលាថ្ងៃត្រង់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ នារាជធានីភ្នំពេញថា ស្ថានភាពនយោបាយ និងការរីកចម្រើន នៅកម្ពុជា មានភាពល្អប្រសើរសើ្ទរគ្រប់វិស័យ ខុសពីអ្វីដែល​លោកលឺនៅសហ​រដ្ឋអាមេរិក និងបានគាំទ្រទៅនឹងជំហររាជរដ្ឋាភិបាលកម្ពុជាក្នុងការមិនឱ្យបរទេស លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ហើយលោកថា ប្រជាជនអាមេរិកមិនចង់ឃើញ សហរដ្ឋអាមេរិកលូកដៃចូលកិច្ចការផ្ទៃក្នុង របស់កម្ពុជាទេ។

លោក Ericksen បានលើកឡើងថា «អ្វីដែលជាទស្សនៈរបស់ប្រជាជនអាមេរិក គឺចង់ឃើញសហរដ្ឋអាមេរិកមួយដែលមិនជ្រៀតជ្រែក ដល់កិច្ចការប្រទេសដទៃ អញ្ចឹងអ្វីដែលប្រទេសកម្ពុជាចង់គឺឆន្ទៈប្រជាជនកម្ពុជា ខ្ញុំគិតថាសហរដ្ឋអាមេរិក មិនអន្តរាគមន៍អ្វីទៅលើទិសដៅ ឬក៏ផ្ទៃក្នុងរបស់កម្ពុជាទេ»

សមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិក រូបនោះបានបញ្ជាក់ថា កម្ពុជាមានភាពរីកចម្រើន ទាំងវិស័យសេដ្ឋកិច្ច និងហេដ្ឋារចនាសំណង់​អាគារធំៗ មាន​ភាពលូតលាស់ខ្លាំង ខុសពីអ្វីដែលលោក​បានលឺនៅសហរដ្ឋអាមេរិក។ អំឡុងបំពេញទស្សនកិច្ចនៅកម្ពុជាលើកដំបូង នាពេលប៉ុន្មានថ្ងៃមកនេះ សមាជិកព្រឹទ្ធសភាដែលមានគំនិតវិជ្ជមាន មកលើប្រទេសកម្ពុជារូបនេះ បានសម្តែងការភ្ញាក់ផ្អើលអំពីភាពរីកចម្រើន​ របស់ប្រទេសកំពុងអភិវឌ្ឍមួយនេះ ដែលលោកអះអាងថា ខុសដាច់ស្រឡះពីអ្វីដែលលោក និងប្រជាពលរដ្ឋអាមេរិក បានឮពីប្រទេសកម្ពុជា។

សមាជិកព្រឹទ្ធសភាដែលបានអញ្ជើញចូលរួមនៅក្នុងពិធីខួបទី៦៥ នៃកំណើតគណបក្សប្រជាជនកម្ពុជាព្រឹកមិញនេះ បានបញ្ជាក់ថា លោកសូមគាំទ្រចំពោះសុន្ទរកថា របស់សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា​ ថ្លែងនៅក្នុងកម្មវិធីខួបទី៦៥ នៃកំណើតគណបក្សប្រជាជនកម្ពុជា ដោយសុន្ទរកថារបស់សម្តេចនោះ ផ្តោតសំខាន់ទៅលើសន្តិភាព និងស្ថេរភាពនយោបាយ។ សមាជិកព្រឹទ្ធសភារូបនោះបានបញ្ជាក់ថា អ្វីដែលលោកបានលើកឡើងនោះ គឺជាចំណាប់អារម្មណ៍របស់រូបលោកផ្ទាល់

លោកចង់ជំរុញឱ្យអ្នកវិនិយោគិនសហរដ្ឋអាមេរិក និងប្រជាពលរដ្ឋអាមេរិក មកកាន់ប្រទេសកម្ពុជា ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែង ហើយបោះចោលនូវអ្វី ដែលជាគំនិតចាក់ស្រេះមើលឃើញកម្ពុជា ក្នុងផ្លូវខ្មៅងងឹត ដែលធ្លាប់មាន កាលពីអំឡុងទស្សវត្សឆ្នាំ១៩៧០។ លោកក៏បានសន្យាផ្សព្វផ្សាយនូវអ្វីដែល លោកថាជាចំណុចល្អរបស់ប្រទេសកម្ពុជា ទៅកាន់សហរដ្ឋអាមេរិកផងដែរ។

នៅក្នុងដំណើរទស្សនាកិច្ច របស់លោកនៅកម្ពុជានេះ លោកបានជួបជាមួយមន្រ្តី ជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបហើយ ពាក់ព័ន្ធនឹងវិស័យថាមពល និងទូរគមនាគមន៍ ព្រោះរូបគាត់ជាសមាជិកព្រឹទ្ធសភា មានតួនាទីត្រួតពិនិត្យមើលលើវិស័យថាមពល និងទូរគមនាគមន៍នៅសហរដ្ឋអាមេរិក។

លោកថា នៅក្នុងខែវិច្ឆិកាខាងមុខនេះ សហរដ្ឋអាមេរិក នឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតី ប្រហែលជាអាចទទួលបានប្រធានាធិបតីមួយ ដែលចង់ធ្វើសហប្រតិបត្តិការជាមួយប្រទេសជាដៃគូ ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍរបស់ពិភពលោក៕

ខាងក្រោមនេះកិច្ចសម្ភាសន៍ជាមួយនឹងលោក  Ericksen សមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិក៖