(កំពង់ធំ)៖ លោក ព្រឹមរដ្ឋា អភិបាលរងខេត្តកំពង់ធំ បានបន្តណែនាំដល់មន្ត្រីកសិកម្មខេត្តកំពង់ធំ បង្កើនកិច្ចសហការជាមួយបណ្តាមន្ទីរ អង្គភាព អង្គការដៃគូអភិវឌ្ឍពាក់ព័ន្ធបន្ថែម ដើម្បីពិនិត្យ ដោះស្រាយសម្រួលរាល់បញ្ហាប្រឈមផ្សេងៗដែលបានជួបប្រទះនាពេលកន្លងមក និងបន្តពង្រឹងការគ្រប់គ្រងធនធានជលផល និងការគ្រប់គ្រងធនធានព្រៃឈើ និងសត្វព្រៃ ប្រកបដោយនិរន្តភាព ដោយសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

លោក ព្រឹមរដ្ឋា បានណែនាំដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបលទ្ធផលលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់មន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តកំពង់ធំ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ព្រឹម រដ្ឋា បានបន្តថា វិស័យកសិកម្មនៅតែមានតួនាទីដ៏សំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ធានាសមធម៌ ធានាសន្តិសុខស្បៀង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។ ការផ្ដោតការយកចិត្តទុកដាក់ជាសំខាន់លើការបន្តធ្វើទំនើបកម្មវិស័យកសិកម្ម តាមរយៈការបង្កើន ផលិតភាព ដោយបានជំរុញការអនុវត្ត វិធានការចាំបាច់មួយចំនួនរួមមាន ការកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសេវា ដែលបម្រើដល់ផលិតកម្មកសិកម្ម បង្កើនការផ្តល់សេវាផ្សព្វផ្សាយបច្ចេកទេសកសិកម្មដល់កសិករ ការស្រាវជ្រាវបច្ចេកទេសកសិកម្ម សំដៅបង្កើនទិន្នផលដំណាំ បង្កើនប្រាក់ចំណេញ និងកាត់បន្ថយថ្លៃដើម អាចបន្សំនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រង និងបង្កើនជីជាតិដីកសិកម្ម ការពង្រឹងសហគមន៍កសិកម្ម ព្រមទាំងការកសាង និងពង្រឹងសមត្ថភាពធនធានមនុស្ស និងស្ថាប័ន ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្មផងដែរ។

បើតាមលោក ប៉ែន វណ្ណរិទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២២កន្លងទៅនេះ ការងារបង្កបង្កើនផលអនុវត្តបានសរុបចំនួន ២៥០.៩៧១ហិចតា ក្នុងនោះស្រូវរដូវវស្សាលើផ្ទៃដីចំនួន ១៨៥.៤៨៣ហិចតា និងស្រូវរដូវប្រាំងលើផ្ទៃដីចំនួន ៦៥.៤៨៨ហិចតា ទិន្នផលជាមធ្យមប្រមាណ ៣២៩តោនក្នុង១ហិចតា បរិមាណផលស្រូវសរុប ៧៨៥.៩៨៤តោន។

លោកបានបន្ថែមថា ក្រោយពីការកាត់ចេញសម្រាប់ការទុកពូជការបាត់បង់ក្រោយប្រមូលផល ការចិញ្ចឹមសត្វ និងតម្រូវការស្បៀងនៅទូទាំងខេត្ត គឺនៅមានជាស្រូវចំនួន ៥១៨.៨៨០តោន បើគិតជាអង្ករចំនួន៣៣២.០៨៣តោន ដែលនៅសល់សម្រាប់ផ្គត់ផ្គង់ភ្ញៀវទេសចរណ៍ និងការនាំចេញទៀតផង ហើយខេត្តកំពង់ធំបានរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង ប៉ះពាល់លើស្រូវរដូវវស្សាសរុប ២៤ .៩១៨ហិចតា និងខូចខាតស្រូវសរុបចំនួន ១២.២៣១ហិកចតា ប៉ុន្តែបានស្តារការឡើងវិញចំនួន ១០.២៤៩ហិចតា ដោយទទួលបានស្រូវពូជពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្តី ចំនួន ៩៥៩តោន ស្មើនឹង ១១.០២២គ្រួសារ លើ០៩ក្រុង-ស្រុក ៤៨ឃុំ និង២៩៨ភូមិផងដែរ៕