(ភ្នំពេញ)៖ ដោយបានការអនុញ្ញាតពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក ឃ្លាំង ហួត ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាអភិបាលរងរាជធានីភ្នំពេញ បានចូលរួមជាអធិបតី​ ក្នុងការចែកប័ណ្ណកម្មសិទ្ធិ ជូនម្ចាស់អចលនវត្ថុ​ ចំនួន​១១៦៣​ប័ណ្ណ​ ស្ថិតនៅភូមិឬស្សី១​ សង្កាត់ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ នាថ្ងៃទី០២​ ខែកុម្ភៈ​ ឆ្នាំ២០២៣។

ថ្លែងនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋ, លោក ឃ្លាំង ហួត លោកអភិបាលរងរាជធានី បានចាត់ទុកការប្រគល់ប្លង់រឹងសម្គាល់ម្ចាស់អចលនវត្ថុដល់ប្រជាពលរដ្ឋខាងលើនេះ ជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅថែមមួយកម្រិតទៀតលើការគ្រប់គ្រង់ដីធ្លីរបស់ខ្លួន ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋជាកម្មសិទ្ធិករ ក្នុងការយកទៅប្រើប្រាស់លើការប្រកប អាជីវកម្មផ្សេងៗតាមតម្រូវការចាំបាច់ ឬក៏អាចធ្វើប្រទានកម្មដល់កូនចៅផងដែរ។

លោក ឃ្លាំង ហួត បានស្នើសុំឱ្យប្រជាពលរដ្ឋដែលទទួលបានប្លង់រឹងទាំងនោះត្រូវថែរក្សាការពារឱ្យបានល្អ ព្រោះថាវាធានាបាននូវភាពកក់ក្តៅ សុវត្ថិភាព និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញ លើសពីនេះក៏ជាភស្តុតាងនូវការកាន់កាប់ដីធ្លី របស់ខ្លួន និងចៀសវាងនូវការរំលោភបំពានលើដីធ្លី។ មិនតែប៉ុណ្ណោះ ប្លង់រឹងនេះក៏អាចផ្តល់លទ្ធភាពប្រើប្រាស់តាមច្បាប់ ឬយកទៅដាក់ធានាក្នុងការខ្ចីលុយពីធនាគារយកមកប្រកបរបរធ្វើអាជីវកម្មផ្សេងៗទៀតបានដែរ។

លោកក៏បានស្នើសុំឱ្យប្រជាពលរដ្ឋយកប័ណ្ណកម្មនេះទៅប្រើប្រាស់ដោយការពិចារណាឱ្យបានត្រឹមត្រូវសម្រាប់ជាឧត្តមប្រយោជន៍ដល់គ្រួសារ ដាច់ខាតមិនត្រូវយកបណ្ណនេះទៅប្រើប្រាស់ក្នុងអប្បាយមុខ ដែលនាំឱ្យមានមហន្តរាយ ដល់ខ្លួនឯង គ្រួសារ និងអនាគត់កូនចៅ ដោយលោកបានលើកជាប្រយោគមួយក្នុងន័យអបរំថា «បើភ្លើងឆេះផ្ទះអស់ យ៉ាងហោចណាស់ក៏នៅសល់ដីដែរ តែបើប្រព្រឹត្តល្បែងអប្រិយ វានាំឱ្យអស់ទាំងដី អស់ទាំងផ្ទះ ហើយឈានទៅព្រាត់ប្រាស់ក្រុមគ្រួសារ និងប៉ះពាល់ដល់ជោគវាសនាអនាគតកូនចៅរបស់ខ្លួនទៀតផង»

លោកអភិបាលរង ឃ្លាំង ហួត បានជម្រាបបន្ថែមថា ក្រៅពីផ្តល់សារប្រយោជន៍សម្រាប់ប្រជាពលរដ្ឋហើយនោះ ការចុះបញ្ជីក្បាលដីនេះក៏បានផ្ដល់នូវសារប្រយោជន៍ពីរយ៉ាងដល់រដ្ឋផងដែរ នោះគឺផ្តល់លទ្ធភាពយ៉ាងធំធេងក្នុងការ គ្រប់គ្រងដីធ្លី និងរៀបចំឲ្យមានសណ្តាប់ធ្នាប់ល្អប្រសើរ និងសម្រួលដល់ការធ្វើផែនការប្រើប្រាស់ដីធ្លីបានសមស្រប។ ម្យ៉ាងទៀត ការគ្រប់គ្រងដីធ្លីបានល្អប្រសើរជាមូលដ្ឋានឲ្យអាជ្ញាធរគិតគូរប្រមូលចំណូលថវិកាជាតិ និងផ្ដល់លក្ខណៈងាយស្រួលក្នុងការជំរុញកិច្ចការវិនិយោគលើកស្ទួយសេដ្ឋកិច្ចជាតិឈានឡើងសម្បូរសប្បាយជូនប្រជាជាតិ និងប្រជាពលរដ្ឋកម្ពុជា៕