(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហាញពីការព្រួយបារម្ភចំពោះអត្រាជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) របស់សិស្សប្រុស ដែលមានកម្រិតទាបជាងសិស្សស្រី។

សម្តេចតេជោនាយករដ្ឋមន្ត្រី បង្ហាញពីការព្រួយបារម្ភបែបនេះ ពេលអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ សរុបជាង១ពាន់នាក់ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ (OCIC)។

ការប្រលងបាក់ឌុប ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនប្រលងជាប់មានចំនួន ៩០,៩៥០នាក់ ស្មើនឹងប្រមាណ ៧២.៣៣% នៃបេក្ខជនសរុប។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «សូមចូលរួមវិភាគទិន្នន័យនៅទីនេះ។ តើយើងគួរត្រូវដោះស្រាយបញ្ហាយុវជនយើង យ៉ាងដូចម្តេច? បើគម្លាត វាធំពេករវាងស្រី្តនិងបុរស ទៅលើការជាប់សញ្ញាបត្រ។ បេក្ខជន ដែលមកប្រលងមាន ១២៥,៧៣៩នាក់ បានប្រលងជាប់ចំនួន ៩០,៩៥០នាក់ ក្នុងនោះមាននារី ៥២,៥១២នាក់។ អញ្ចឹងបើគិតអ្នកប្រលងជាប់ មានចំនួន ៧២.៣៧ភាគរយ ជាចំនួនដ៏ច្រើន។ ប៉ុន្តែ អ្វីដែលជាការចាប់អារម្មណ៍ សូមក្រលេកមើល។ ក្នុងចំណោម ៩០,៩៥០នាក់នេះ មាននារីជាប់ ៥២,៥១២នាក់ ស្មើនឹង ៧៧,៥២ភាគរយ អញ្ចឹងចំនួននេះយើងគិតយ៉ាងម៉េច?»

សម្តេចតេជោ ហ៊ុន សែន បានបន្តថា «បើស្ត្រី ក្មួយៗ ចៅៗ នៅក្នុងនេះគ្របដណ្តប់ជាង ៧០ភាគរយ ទៅហើយហ្នឹង។ ឥឡូវ ក្នុងចំនួន ១០០នាក់ មានចៅជាស្ត្រី រហូតទៅដល់ ៧៧នាក់។ ចៅជាបុរស នៅសល់តែ ២៣នាក់ហ្នឹង។ ឥឡូវយើងគិតមើល យើងក្លាយទៅជាភាគតិច។ ចំណុចនេះ គឺជាចំណុចម្ខាងយើងមានមោទនភាព អំពីការកើតឡើងនៃចំនួនសិស្សជាស្ត្រី ដែលបានប្រលងជាប់។ តែម្ខាងទៀត យើងក៏មានការកង្វល់ដែរ កង្វល់ត្រង់ថា ហេតុអីបានជាក្នុងចំនួនអ្នកដែលជាប់ ១០០នាក់ មាន ៧៧នាក់ បានទៅស្ត្រី»។

សម្តេចតេជោ ហ៊ុន សែន ចង់ឃើញផ្នែកសិក្សា និងផ្នែកស្រាវជ្រាវ រកមូលហេតុនៃគម្លាតខាងលើ។ សម្តេចតេជោ លើកឡើងថា កាលពីមុនគម្លាតអត់ធំបែបនេះទេ តែឥឡូវគម្លាតធំពេក។

ចំពោះការប្រលងបាក់ឌុប ឆ្នាំ២០២២នេះ មានបេក្ខជនទទួលបាននិទ្ទេស A មានចំនួន ១,០៤៩នាក់, និទ្ទេស B មានចំនួន ៧,២៣២នាក់, និទ្ទេស C មានចំនួន ១៩,០៥៣នាក់, និទ្ទេស D មានចំនួន ៣១,១៦៦នាក់ និងនិទ្ទេស E មានចំនួន ៣២, ៤៥០នាក់។

សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យសិស្សនិទ្ទេស A បន្តប្រឹងប្រែងរៀនសូត្របន្ថែមទៀត។ សម្តេចតេជោ បានថ្លែងអំណរគុណដល់អាណាព្យាបាល អាជ្ញាធរ លោកគ្រូ អ្នកគ្រូ ដែលបានរួមគ្នាជ្រោមជ្រែងការសិក្សារបស់សិស្ស។

សម្តេចតេជោ រំលឹកថា សន្តិភាពមិនអាចមើលរំលងនោះទេ មានសន្តិភាពទើបមានឱកាសសម្រាប់ការអប់រំដូចពេលបច្ចុប្បន្ន ខណៈភ្លើងសង្គ្រាម បានធ្វើឱ្យយុវជនសម័យមុនបាត់បង់ឱកាសសិក្សារៀនសូត្រ៕