(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ រួមជាមួយមន្ត្រីសាលាខណ្ឌ បានបន្តចុះពិនិត្យស្ថានភាពភូមិសាស្ត្រ និងសួរសុខទុក្ខប្រជាពលរដ្ឋក្នុងភូមិនៅតាមផ្ទះ នៃសង្កាត់សំរោង ខណ្ឌព្រែកព្នៅ។

នាឱកាសនោះ លោក ធឹម សំអាន បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដោយក្តីនឹករលឹក ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។

លោកបញ្ជាក់ថា ការចុះសួរសុខទុក្ខដោយផ្ទាល់នេះ គឺដើម្បីពិនិត្យស្ថានភាពផ្ទាល់ពីជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបានរំលឹកទៅដល់ប្រជាជនទាំងអស់ ពិសេសចាស់ជរាគ្មានទីពឹង ជនពិការភាព សូមឲ្យបន្តថែទាំសុខភាពជាប្រចាំ ព្រោះនៅពេលខាងមុខនេះអាកាសធាតុផ្លាស់ប្តូរ ធ្លាក់ខ្យល់ត្រជាក់ វាងាយនឹងរងជំងឺផ្តាសាយ និងចូលរួមអនុវត្តនូវវិធានការ ដោយបង្ការទប់ស្កាត់ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ដោយឡែក នៅរដូវខ្យល់ត្រជាក់នេះ សូមប្រជាពលរដ្ឋថែរក្សាសុខភាព បន្ដចូលរួមអនុវត្ដនូវវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរព តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា «៣ការពារ និង៣កុំ» គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នា។

ក្នុងពេលសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលរកទទួលទានលក់នំចំណី នៅតាមផ្ទះ ឬក៏ទីប្រជុំជននោះ លោក ធឹម សំអាន បានលើកឡើងពីគុណបំណាច់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ការសម្លាប់ប្រជាជនយ៉ាងរង្គាល រហូតដល់មានថ្ងៃរំដោះ ៧ មករា ១៩៧៩ ព្រមទាំងបន្តមកព្រឹត្តិការណ៍ស្វែងរកសន្តិភាព តាមរយៈនយោបាយឈ្នះឈ្នះរបស់ សម្ដេចតេជោ ហ៊ុន សែន ការកសាងប្រទេសជាតិ ចាប់ពីបាតដៃទទេ នាំមកនូវការអភិវឌ្ឍដូចពេលបច្ចុប្បន្ននេះ វាមិនមែនជាការបំភ្លៃប្រវត្តិសាស្ត្រនោះឡើយ តែជាសច្ចធម៌ប្រវត្តិសាស្ត្រយ៉ាងពិតប្រាកដ។

លោក ធឹម សំអាន បានគូសបញ្ជាក់ថា ជានិច្ចកាលលោក ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់ខ្ពស់ និងគិតគូរជានិច្ច ទៅដល់ប្រជាជន ទោះបីស្ថិតក្នុងស្ថានភាព បែបណាក៏ដោយ គឺតែងតែបានផ្តល់នូវភាពកក់ក្តៅដល់បងប្អូនជានិច្ច ក្នុងគ្រា ដែលពុក ម៉ែ បងប្អូនប្រជាជន ជួបការលំបាកនានា ពិសេសផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ ពោលគឺទីណាមានការលំបាក ទីនោះតែងតែមានវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

បន្ថែមពីនេះ លោក ឃួង ស្រេង ក៏បានចាត់រូបលោកជាតំណាងចុះជួបដើម្បីដឹងសុខទុក្ខបងប្អូនប្រជាពលរដ្ឋ គឺលោកមិនបណ្តែតបណ្តោយ ទុកឲ្យពុកម៉ែ បងប្អូនណាម្នាក់គាត់ ស្លាប់បាត់បង់ជីវិត ដោយដាច់ស្បៀង ឬអត់អាហារនោះទេ ហើយសកម្មភាពការងារមនុស្សធម៌នេះ គឺធ្វើឡើងដោយ មិនប្រកាន់បក្ខពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ៕