(ភ្នំពេញ)៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យគណៈប្រតិភូ របស់មូលនិធិអន្តរជាតិ សម្រាប់កិច្ចអភិវឌ្ឍន៍លើវិស័យកសិកម្ម IFAD (International Fund For Agricultural Development, IFAD) ដឹកនាំដោយលោកស្រីបណ្ឌិតសាស្រ្តាចារ្យរង Jyotsna Puri អនុប្រធានរបស់ IFAD (Associate Vice President) និងសហការី ចូលជួបសម្តែងការគួសម និងធ្វើសេចក្តីរាយការណ៍អំពីសហហិរញ្ញប្បទានរបស់ IFAD លើវិស័យធនធានទឹក និងឧតុនិយម។ ជំនួបនេះ ធ្វើឡើងនាទីស្ដីការក្រសួង។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងធនធានទឹក និងឧតុនិយម សូមស្វាគមន៍យ៉ាងកក់ក្តៅ និងសប្បាយរីករាយ ចំពោះវត្តមានរបស់លោកស្រីបណ្ឌិតសាស្រ្តាចារ្យរង ដែលបានចំណាយពេលដ៏មានតម្លៃ ដើម្បីស្វែងយល់នាពេលនេះ ហើយក៏សូមថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងរាជរដ្ឋាភិបាលកម្ពុជា និង IFAD ក្នុងការបន្តជួយឧបត្ថម្ភ និងគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដែលនេះជាលើកដំបូងសម្រាប់ IFAD ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់ ជាពិសេសចំពោះវិស័យធនធានទឹក និងឧតុនិយម។

លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនគណៈប្រតិភូ អំពីសមិទ្ធផល និងការងារដែលក្រសួងសម្រេចបាន និងកំពុងអនុវត្ត ព្រមទាំងកិច្ចការងារចំពោះមុខ ក្នុងក្របខណ្ឌវិស័យធនធានទឹក និងឧតុនិយម និងអំពីតម្រូវការឧបករណ៍ សម្ភារ ចាំបាច់មួយចំនួន ដូចជា ឧតុនិយម និងជលសាស្រ្ត ដើម្បីរួមចំណែកដោះស្រាយនូវបញ្ហាប្រឈម ក្នុងបរិបទនៃបម្រែបម្រួលអាកាសធាតុ សំដៅធានាបាននូវសន្តិសុខទឹក សម្រាប់បំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

លោកស្រីបណ្ឌិតសាស្រ្តាចារ្យរង Jyotsna Puri បានបង្ហាញនូវសេចក្តីរីករាយ ដោយបានជួបពិភាក្សាការងារដោយផ្ទាល់ ជាមួយលោករដ្ឋមន្រ្តីនាពេលនេះ និងបានជម្រាបជូនអំពីសហហិរញ្ញប្បទានរបស់ IFAD ជាមួយនឹងធនាគារវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ី AIIB ក្នុងគម្រោងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលមានឈ្មោះថា Climate Adaptive Irrigation and Sustainable Agriculture for Resilience (CAISAR) ដែលគម្រោងនេះ នឹងត្រូវអនុវត្តន៍នៅក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តមួយចំនួនដូចជា៖ តំបន់ប្រព័ន្ធធារាសាស្រ្តអូរតាប៉ោងតាណៃ ស្ថិតក្នុងខេត្តពោធិ៍សាត់, តំបន់ប្រព័ន្ធធារាសាស្រ្តលំហាច ស្ថិតក្នុងខេត្តកំពង់ឆ្នាំង និងតំបន់ប្រព័ន្ធធារាសាស្រ្តក្រាំងពន្លៃ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តកណ្តាល។

លោកស្រីបណ្ឌិតសាស្រ្តាចារ្យរង ក៏បានថ្លែងអំណរគុណជាអតិបរមាដល់លោករដ្ឋមន្រ្តី ដែលបានបង្កលក្ខណៈ និងផ្តល់ឱកាសដល់គណៈប្រតិភូ ដើម្បីធ្វើការកសាងនូវយុទ្ធសាស្រ្តសម្រាប់ប្រទេសកម្ពុជា ក្នុងវិស័យធនធានទឹក និងឧតុនិយម ជាដៃគូសហប្រតិបត្តិការដ៏រឹងមាំ និងយូរអង្វែងប្រកបដោយចេរភាព ធ្វើការដោះស្រាយបានជាបណ្តើរៗ និងបានល្អប្រសើរលើសន្តិសុខទឹក សម្រាប់គ្រប់វិស័យប្រកបដោយប្រសិទ្ធភាពខ្ពស់។

ដោយមានការគាំទ្រសហការយ៉ាងពេញទំហឹងពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចអនុវត្តតាមផែនការការងារវិនិយោគរយៈពេលវែងក្នុងវិស័យធនធានទឹក និងឧតុនិយម របស់ក្រសួងធនធានទឹក និងឧតុនិយម ដោយវិភាជទុនដ៏ធំសម្បើមដែលមិនធ្លាប់មានពីមុនមក សម្រាប់បម្រើឲ្យការងារប្រតិបត្តិការលើបណ្តាប្រព័ន្ធធារាសាស្រ្តខាងលើ ឈានទៅធានាបានទាំងស្រុងនូវសន្តិសុខទឹកលើគ្រប់វិស័យ។

លោកស្រីបណ្ឌិតសាស្រ្តាចារ្យរង និងគណៈប្រតិភូ នឹងបន្តចុះទៅធ្វើទស្សនកិច្ចលើប្រព័ន្ធធារាសាស្រ្តក្រាំងពន្លៃ ចាប់ពីស្រុកថ្ពង អមលាំង ព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ប្រព័ន្ធធារាសាស្រ្តប្រាំបីមុំ រហូតដល់ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល៕