(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់អភិបាលរាជធានីភ្នំពេញ និងក្រសួងអប់រំ យុវជន និងកីឡា សហការគ្នារកទីតាំងរៀបចំកន្លែងអន្តេវាសិកថ្មីបន្ថែមទៀត សម្រាប់ផ្តល់ឱ្យសិស្សដែលមានជីវភាពក្រីក្រ ជាពិសេសសិស្សជាស្រ្តី មកពីតាមបណ្តាខេត្តអាចមកស្នាក់នៅដើម្បីបន្តការសិក្សាបំពេញបន្ថែមនូវចំណេះដឹងរបស់ខ្លួន រួមទាំងនិស្សិតបរទេសមកសិក្សានៅក្នុងប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានស្នើដូចនេះនៅព្រឹកទី០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នាឱកាសដែលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ សរុបជាង១ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ខ្ញុំសុំស្នើឱ្យពិនិត្យមើលបន្ថែមទៀត, ឯកឧត្តម ឃួង ស្រេង យើងអាចពិនិត្យមើលតើទីកន្លែងណា ខ្ញុំចង់បានបង្កើតអន្តេវាសិកមួួយទៀត បើទោះបីវាអាចនៅឆ្ងាយបន្តិច ដូចជាយើងដាក់នៅមន្ទីពេទ្យដែលយើងនៅសល់កន្លែង ដើម្បីរៀបចំអន្តេវាសិកមួយទៀត ក្រៅពីអន្តេវាសិកដែលយើងកំពុងមាន ព្រោះបន្តិចទៀតយើងត្រូវទទួលនិស្សិតបរទេស ទៀត និងនិស្សិតនៅក្នុងប្រទេស ចឹងខ្ញុំសុំដាក់បញ្ហានឹងឱ្យសាលាក្រុងភ្នំពេញ ពិនិត្យមើលលទ្ធភាពនៃការប្រើប្រើប្រាស់ដីធ្លីរបស់យើងមួយចំនួន ដើម្បីកសាងជាអន្តេវាសិក សម្រាប់សិស្សក្រីក្ររបស់យើងជាពិសេសសិស្សស្ត្រី របស់យើងតែម្តង»

សម្តេចតេជោ បានបន្ថែមថា យើងចង់បានអន្តេវាសិកបន្ថែម ដែលមានប្រមាណ ២០០ ទៅ៣០០គ្រែប​ន្ថែមទៀត សម្រាប់សិស្សក្រីក្របានមកស្នាក់នៅដើម្បីបានទទួលនូវការសិក្សា ព្រោះបញ្ហាដែលកើតមានឥលូវនេះ គឺបញ្ហាខ្វះកន្លែងស្នាក់នៅរបស់និស្សិតក្រីក្រជាស្ត្រី ហើយចំណែកនិស្សិតជាបុរស អាចទៅរស់នៅតាមវត្តលោកបាន ប៉ុន្តែនិស្សិតជានារី គឺមិនអាចទៅនៅវត្តលោកបាននោះទេ ហើយបើយាជី អាចទៅនៅបាន តែនិស្សិតជានារីក្មេងៗ មិនអាចទៅនៅបាននោះទេ។

ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងអប់រំ និងផ្នែកកីឡា សហការគ្នាសិក្សានិងពិនិត្យមើលដីដែលស្ថិតនៅតំបន់ជាយក្រុង ជាប់នឹងពហុកីឡដ្ឋាន មករតកតេជោ ដើម្បីធ្វើការសាងសង់អន្តេវាសិក សម្រាប់ផ្តល់ឱ្យនិស្សិតដែលមានជីវភាពក្រីក្រអាចមកស្នាក់នៅដើម្បីបន្តការសិក្សាបំពេញបន្ថែមនូវចំណេះដឹងរបស់ខ្លួនលើជំនាញដែលខ្លួនពេញចិត្ត ដើម្បីកសាងអនាគត់ឱ្យបានល្អប្រសើរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា ការរៀបចំសិក្សាការសាងសង់អន្តេវាសិកនេះ នឹងរៀបចំធ្វើជារៀងរាល់ឆ្នាំបន្តិចម្តងៗ ដែលអាចមាន ១ឆ្នាំ ចន្លោះពី ១០០គ្រែ ទៅ៣០០គ្រែ និងបន្តបង្កើនថែមទៀត ដើម្បីជួយបង្កើនចំនួននិស្សិតក្រីក្រជាស្រ្តីបានស្នាក់នៅ ហើយក៏រាប់ទាំងនិស្សិតបរទេសដែលត្រូវមកសិក្សានៅក្នុងប្រទេសកម្ពុជាផងដែរ៕