(ព្រះសីហនុ)៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយកអ្នកជំងឺមួយរូប ដែលរស់នៅក្រុងកោះរ៉ុង មានអាការៈចុកពោះខ្លាំង អស់រយៈពេល៣ថ្ងៃ មកមន្ទីរពេទ្យនៅក្រុងព្រះសីហនុដើម្បីសង្គ្រោះ ពេលដែលបានទទួលដំណឹងភ្លាមៗ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១២:៥០នាទីទាបភ្លឺ។

ក្នុងនោះដែរ លោកឧកញ៉ា ទៀ វិចិត្រ បានដឹងថា អ្នកជំងឺមានឈ្មោះ សំ ស៊ុ ភេទស្រី អាយុ៧៤ឆ្នាំ រស់នៅក្នុងភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ក្នុងឱកាសនេះដែរ ក្នុងអ្នកតំណាងឲ្យគ្រួសាររបស់អ្នកជំងឺ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់ លោកឧកញ៉ា ដែលបានជួយសង្គ្រោះ ដល់ក្រុមគ្រួសាររបស់គាត់ ដោយបញ្ជូនអូប័រពេទ្យល្បឿនលឿន និងឡានសង្គ្រោះ របស់ក្រុមហ៊ុន GTVC បញ្ជូនអ្នកជំងឺយកមកសង្គ្រោះនៅមន្ទីរពេទ្យក្នុងក្រុងព្រះសីហនុ។

គួរបញ្ជាក់ថា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏ធ្លាប់បានកោតសរសើរកន្លងមកដែរ នូវទឹកចិត្តសប្បុរសធម៌របស់លោកលោកឧកញ៉ា ដែលតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលបានរងគ្រោះ ជួបទុក្ខលំបាក ឬជួបឧបទិវហេតុផ្សេងៗនៅលើលម្ហសមុទ្រខេត្តព្រះសីហនុ៕