(ភ្នំពេញ)៖ ករណីឆេះភោជនីយដ្ឋាន «កន្លែងថ្មី» យ៉ាងសន្ធោសន្ធៅ ដែលស្ថិតនៅតាមបណ្តោយផ្លូវ១៣៤ កែងផ្លូវ២៣៣ ក្រុម៤១ ភូមិ២ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ អ្នកស្លាប់កើនឡើងចំនួន៣នាក់ ដោយជនរងគ្រោះម្នាក់ដែលរបួសធ្ងន់បានស្លាប់បន្តទៀត។

ជាមួយគ្នានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ឲ្យអាជ្ញាធរខណ្ឌទួលគោក នាំយកអំណោយជូនក្រុមគ្រួសារសពផងដែរ។

ជាក់ស្ដែង នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានយកសម្ភារ និងថវិការបស់លោក ឃួង ស្រេង ទៅជូនដល់គ្រួសារសពនៅវត្តទឹកថ្លា ព្រមទាំងបានការអនុញ្ញាត ពីលោកព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ក្រុមការងារដឹកនាំដោយ លោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក ចុះទៅបិទទីតាំងអាជីវកម្ម ដែលបង្កឲ្យមានអគ្គិភ័យផងដែរ។

សូមរំលឹកថា អគ្គិភ័យឆាបឆេះភោជនីយដ្ឋាន «កន្លែងថ្មី» យ៉ាងសន្ធោសន្ធៅ ដែលស្ថិតនៅតាមបណ្តោយផ្លូវ១៣៤ កែងផ្លូវ២៣៣ ក្រុម៤១ ភូមិ២ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានបណ្ដាលឲ្យមនុស្សប្រុស-ស្រី២នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ បញ្ជូនទៅព្យាបាលនៅមន្ទីសង្ឃពេទ្យព្រះកុសុមៈ ប៉ុន្ដែជាអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជីវិតហើយ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្កាពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានករណី អគ្គិភ័យឆេះ ភោជនីយដ្ឋានខាងលើ លោកបានបញ្ជាកម្លាំងជំនាញចេញអន្ដរាគមន៍ជួយសង្គ្រោះភ្លាមៗ ហើយពន្លត់ទាន់ពេលវេលាមិនឲ្យឆេះរាល ដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះឡើយ។

បើតាមលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា ដោយនៅក្នុងប្រតិបត្តិការសង្គ្រោះកម្លាំងជំនាញ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ៩គ្រឿង ប្រើប្រាស់ទឹកអស់ទឹកចំនួន៩ឡាន, រថយន្តជំនួយមកពីក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន, រថយន្តទីក្រុងនរា ចំនួន២គ្រឿង មិនបានប្រើប្រាស់ និងរថយន្តទីក្រុងអូឡាំព្យា ចំនួន២គ្រឿង មិនបានប្រើប្រាស់ទឹក។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តទៀតថា ចំពោះគ្រោះអគ្គិភ័យខាងលើនេះ បានបំផ្លាញម៉ូតូអស់ ២គ្រឿង, សម្ភារៈក្នុងហាងមួយចំនួន ក្នុងនោះជាប្រភេទ ថ្មបេតុងប្រក់សង្ក័សី ដែលមានទំហំ ២០ម៉ែត្រ គុណ១៩ម៉ែត្រ។ បច្ចុប្បន្នអ្នករងរបួសម្នាក់ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា ហៅមន្ទីរពេទ្យលោកសង្ឃ និងសពមនុស្ស២នាក់ទៀត យកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ។

ក្រោយកើតហេតុ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការហៅមេការទៅធ្វើការសាកសួរនៅឯប៉ុស្តិ៍នគរបាលផ្សារដេប៉ូទី២៕