(ភ្នំពេញ)៖ សន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣ របស់ក្រសួងពាណិជ្ជកម្ម ត្រូវបានបិទបញ្ចប់ដោយជោគជ័យកាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ ពិធីបិទសន្និបាតត្រូវបានធ្វើឡើងក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការប្រចាំការ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី, លោក លោកស្រីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គាធិការ និងលោក លោកស្រី អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្មជាច្រើនរូប។

ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគោរពរាយការណ៍ដោយសង្ខេបអំពីសកម្មភាពការងារ និងសមិទ្ធផលសំខាន់ៗ ដែលក្រសួងពាណិជ្ជកម្មសម្រេចបានក្នុងឆ្នាំ២០២២ ស្តីពីការអនុវត្តន៍យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម កម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា។

ចំពោះទិសដៅការងារសំខាន់ៗសម្រាប់ឆ្នាំ២០២៣វិញ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម នៅមានការងារ និងបញ្ហាជាច្រើនទៀត ដែលត្រូវប្រឈម។ ក្នុងអង្គសន្និបាត បានផ្តល់ឱកាសឱ្យថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រី រាជការក្រសួង-ស្ថាប័នពាក់ព័ន្ធពិភាក្សា និងផ្តល់អនុសាសន៍ល្អៗ បន្ថែមដល់ក្រសួង ពាណិជ្ជកម្ម ក្នុងគោលដៅកែលម្អការងារឱ្យកាន់តែមានប្រសិទ្ធភាព ក៏ដូចជាផ្តល់ធាតុចូលសម្រាប់រៀបចំផែនការសកម្មភាព និងយុទ្ធសាស្រ្ត ដើម្បីអនុវត្តទិសដៅការងារពាណិជ្ជកម្មសម្រាប់ឆ្នាំ២០២៣ ឱ្យសម្រេចបាននូវលទ្ធផលត្រចះត្រចង់។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្មទាំងអស់ និងប្តេជ្ញាដឹកនាំ និងអនុវត្តទិសដៅ ការងារពាណិជ្ជកម្មសម្រាប់ឆ្នាំ២០២៣ ឱ្យបានជោគជ័យតាមការគ្រោងទុក តាមរយៈការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន។

ទន្ទឹមគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានផ្តល់ការណែនាំជាច្រើនជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងពាណិជ្ជកម្ម បានជាធាតុចូលដ៏មានសារៈសំខាន់បំផុត សម្រាប់ការរៀបចំទិសដៅការងារ របស់ក្រសួងពាណិជ្ជកម្មសម្រាប់ឆ្នាំ២០២៣។

លោកឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលគន្លឹះ ដែលក្រសួងពាណិជ្ជកម្មសម្រេចបាន ព្រមទាំងបានផ្តល់អនុសាសន៍ណែនាំ បន្ថែមមួយចំនួនទៀត ដើម្បីឱ្យក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធយកទៅអនុវត្តស្របតាមទិសដៅការងារពាណិជ្ជកម្ម សម្រាប់ឆ្នាំ២០២៣។ អនុសាសន៍នោះរួមមាន៖
ទី១៖ ត្រូវបន្តពង្រឹងការកែទម្រង់ផ្ទៃក្នុង ដោយត្រូវប្រកាន់ខ្ជាប់នូវ អភិក្រមទាំង ៥ របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ «ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និង វះកាត់» ដើម្បីពង្រឹងក្រមសីលធម៌, ភាពស្អាតស្អំ និង អភិបាលកិច្ចល្អ ក្នុងការបំពេញការងារ និង តួនាទី ប្រកបដោយវិជ្ជាជីវៈ និង ប្រសិទ្ធភាពខ្ពស់។ ជាពិសេស ត្រូវបន្តការពង្រឹង គុណភាពនៃការផ្តល់សេវាសាធារណៈគ្រប់ប្រភេទរបស់ក្រសួង តាមរយៈការសម្រួល នីតិវិធីរដ្ឋបាល និងការតភ្ជាប់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ទៅនឹងថ្នាលបច្ចេកវិទ្យាផ្លាស់ប្តូរទិន្នន័យរួម (CamDX) ក៏ដូចជាការចូលរួម ដោយសកម្ម ក្នុងការអនុវត្តប្រព័ន្ធបញ្ឈរតែមួយជាតិផងដែរ។

ទី២៖ បន្តដាក់ចេញ, ជំរុញការផ្សព្វផ្សាយ និងអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ការគ្រប់គ្រងពាណិជ្ជកម្មក្នុងប្រទេស, ពាណិជ្ជកម្មអន្តរជាតិ, ពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិក និងកិច្ចការពារអ្នកប្រើប្រាស់ជាដើម ដើម្បីចូលរួមលើកតម្កើងជីវភាពរស់ នៅរបស់ប្រជាជនស្របតាមគោលការណ៍សេដ្ឋកិច្ចទីផ្សារ ព្រមទាំងត្រូវចូលរួមអនុវត្ត ក្នុងឆន្ទៈមុតស្រួច និងភាពជាម្ចាស់នូវក្របខណ្ឌយុទ្ធសាស្ត និងគោលនយោបាយនានា របស់រាជរដ្ឋាភិបាល និងត្រូវសម្របសម្រួលជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បី រៀបចំគោលនយោបាយពាណិជ្ជកម្មជាមួយបណ្ដាប្រទេសដែលកម្ពុជាមានឱនភាពជញ្ជីងពាណិជ្ជកម្មធំ ផងដែរ។

ទី៣៖ បន្តដឹកនាំ និងធ្វើកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធបំផុតជាមួយបណ្តា ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទាំងឡាយដែលកម្ពុជាកំពុងមាន។ ជាពិសេសកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន និង កម្ពុជា-កូរ៉េ ឱ្យបានជាអតិបរមា ហើយត្រូវបន្តផ្សព្វផ្សាយ ទៅកាន់សាធារណជន អំពីផលប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ ផងដែរ ជាពិសេសការផ្សព្វផ្សាយទៅកាន់វិស័យឯកជន ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម ដើម្បីឱ្យផ្នែកឯកជនត្រៀមខ្លួនរួចរាល់ និងចូលរួមបានពេញលេញជាមួយ រាជរដ្ឋាភិបាលក្នុងការទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ ឱ្យបានជាអតិបរមា។

ទី៤៖ បន្តជំរុញកំណើននៃការនាំចេញមុខទំនិញ និងសេវាថ្មីបន្ថែមទៀត តាមរយៈការ រក្សាទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី តាមរយៈការបើកច្រកទីផ្សារបន្ថែមទៀត ការរៀបចំផែនការ និងយុទ្ធសាស្ត្រចរចាដ៏មានប្រសិទ្ធភាព ដើម្បីជំរុញការចរចាកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងដៃគូសំខាន់ៗដទៃទៀតរបស់កម្ពុជាមានជាអាទិ៍ អេមីរ៉ាតអារ៉ាប់រួម, ឥណ្ឌា, ជប៉ុន, សហភាពសេដ្ឋកិច្ចអឺរ៉ាអាស៊ី (EAEU), កាណាដា និងជាមួយបណ្តាប្រទេសអាមេរិកឡាទីនជាដើម។ ត្រង់ចំណុច នេះ, ក្រសួងក៏ត្រូវសិក្សាដោយមានការពិគ្រោះយោបល់ឱ្យបានទូលំទូលាយ ជាមួយភាគីពាក់ព័ន្ធ លើផលប្រយោជន៍ និង ថ្លៃដែលត្រូវបង់លើការសម្រេចបាននូវកិច្ចព្រមព្រៀងទាំងនោះផងដែរ។

ទី៥៖ បន្តពង្រឹងទីផ្សារដែលមានស្រាប់ ក៏ដូចជាការបើកចំហទីផ្សារបន្ថែម តាមរយៈ ការសិក្សាទុកជាមុន និងការដាក់ចេញនូវយុទ្ធសាស្ត្រ ឬវិធានការចាំបាច់នានា ដើម្បីធានា ឱ្យបានថាផលិតផលថ្មីៗដែលកម្ពុជាកំពុងចាប់ផ្តើមផលិត ឬនឹងផលិតបាននាអនាគត នឹងមានទីផ្សារសមស្រប ទាំងសម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ព្រមទាំងត្រូវ បន្តផ្សព្វផ្សាយព័ត៌មានអំពីទីផ្សារ និងវិធានការចាំបាច់នានា ទៅកាន់គ្រប់ផលិតករ ទាំងអស់ ដើម្បីចៀសវាងការផ្គត់ផ្គង់លើសតម្រូវការទីផ្សារដែលនាំឱ្យមានការធ្លាក់ថ្លៃ។

ទី៦៖ បន្តគិតគូរអំពីទិសដៅអនាគត និងត្រូវត្រៀមខ្លួនជាប្រចាំចំពោះការប្រែប្រួល នៃ និម្មាបនកម្មរសដ្ឋកិច្ចរបស់តំបន់ និងសកល ដោយត្រូវសិក្សា និងសង្កេតជានិច្ចនូវរាល់ ការប្រែប្រួលភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចដែលអាចមានវិបាកមកលើសេដ្ឋកិច្ច និងវិស័យពាណិជ្ជកម្មរបស់កម្ពុជា ហើយក៏ត្រូវពង្រឹងការត្រៀមខ្លួន របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តផែនការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ឱ្យបានសម្រេចតាម ការវាយតម្លៃរបស់អង្គការសហប្រជាជាតិនៅក្នុងឆ្នាំ ២០២៤ ខាងឮមុខនេះ ព្រមទាំងបន្ត រយៈពេលអន្តរកាលតាមការចាំបាច់។ ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងត្រូវបន្តពិនិត្យឱ្យបាន ល្អិតល្អន់អំពីផលប៉ះពាល់នៃការចាកចេញពីប្រទេស LDC នេះ ទៅនឹងការចរចាក្រោម ក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងក្របខណ្ឌតំបន់មកលើសេដ្ឋកិច្ច កម្ពុជា, ជាពិសេសត្រូវត្រៀមខ្លួនក្នុងការចរចាស្នើសុំភាពអនុគ្រោះថ្មីតាមរយៈប្រព័ន្ធ GSP Pus សំដៅរក្សាទីផ្សារ និងរក្សាលំនឹងផលិតកម្ម រួមទាំងភាពទាក់ទាញសម្រាប់ការ វិនិយោគ នៅកម្ពុជា ហើយក៏ត្រូវសិក្សាផងដែរអំពីផលប៉ះពាល់ពីការបាត់បង់ទីផ្សារ (Preferences Eroson) និងភាពអនុគ្រោះពិសេសដោយឡែក (Special and Differential Treatment) បន្ទាប់ពីកម្ពុជាបានចាកចេញពីប្រទេស LDC។

ទី៧៖ បន្តជំរុញការផ្សព្វផ្សាយ និងការអនុវត្ត ព្រមទាំងកសាងច្បាប់ពាណិជ្ជកម្មបន្ថែម ទៀត សំដៅជួយរក្សាស្ថិរភាពសេដ្ឋកិច្ច, ផ្តល់ផលប្រយោជន៍ និងបង្កើតចំណូលជូនប្រជា ពលរដ្ឋ ដូចជាច្បាប់ស្តីពីកិច្ចសន្យាពាណិជ្ជកម្ម និងភ្នាក់ងារពាណិជ្ជកម្ម, ច្បាប់ស្តីពីអាថ៌ កំបាំងពាណិជ្ជកម្ម និងព័ត៌មានដែលមិនអាចបង្ហាញ (Law on Trade Secret and Undisclosed Information), ការធ្វើវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម, និង ក្រមសីលធម៌វិជ្ជាជីវៈទាក់ទងនឹងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកជាដើម៕