(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ បានថ្លែងថា កម្ពុជានឹងបន្តអនុវត្តនយោបាយការបរទេសឯករាជ្យនិងផ្អែកលើច្បាប់ ដែលការពារផលប្រយោជន៍ស្នូល ធានាអធិបតេយ្យភាពនិងសន្តិភាព និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច។

ប្រមុខការទូតថ្លែងបែបនេះ ពេលអញ្ជើញធ្វើបទបង្ហាញជូនគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន របស់រដ្ឋសភា ក្រោមប្រធានបទ «គោលនយោបាយការបរទេសកម្ពុជា ក្នុងបរិបទថ្មីនៃសណ្តាប់ធ្នាប់ពិភពលោក» ដែលបានប្រព្រឹត្តិទៅនៅវិមានរដ្ឋសភា។

លោកបញ្ជាក់ថា «ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ពិភពលោកបន្តវិវត្តន៍ទៅរកប្រព័ន្ធអន្តរជាតិមួយដែលមានលក្ខណៈសកល ពហុប៉ូល និងស្មុគ្រស្មាញ។ ការវិវត្តនេះបាននាំមកនូវការផ្លាស់ប្តូរនៃទំនាក់ទំនងអន្តរជាតិយ៉ាងជ្រាលជ្រៅ ឆាប់រហ័ស ពិបាកប៉ាន់ស្មាន និងប្រកបដោយគ្រោះថ្នាក់»។

ចំពោះបរិបទអន្តរជាតិនិងតំបន់ លោកឧបនាយករដ្ឋមន្រ្តី បានរៀបរាប់ដោយសង្ខេបនូវការវិវត្តមួយចំនួន ដូចជា ការប្រកួតប្រជែងរវាងមហាអំណាចធំៗ ការបង្កើតសម្ព័ន្ធភាពនិងគំនិតផ្តួចផ្តើម យ៉ាងច្រើនអនេកលើបញ្ហាសន្តិសុខ សេដ្ឋកិច្ច និងការអភិវឌ្ឍ នៅពាសពេញតំបន់ ផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ សង្រ្គាមនៅអ៊ុយក្រែន វិបត្តិនៅមីយ៉ាន់ម៉ា និងភាពតានតឹងនៅឧបទ្វីបកូរ៉េ ជាដើម។

ចំពោះទិដ្ឋភាពក្នុងប្រទេសវិញ បទបង្ហាញក៏បានរំលេចផងដែរនូវការគ្រប់គ្រងប្រកបដោយជោគជ័យនូវជំងឺរាតត្បាតកូវីដ-១៩ របស់កម្ពុជា ការសម្រេចបាននូវស្នាដៃដ៏ធំធេងក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ កិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មនិងស្មោះត្រង់ក្នុងតួនាទីជាប្រធានអាស៊ាន និងជាប្រេសិតពិសេស ដើម្បីដោះស្រាយវិបត្តិដ៏ស្មុគស្មាញនិងចាក់ឬសយ៉ាងជ្រៅក្នុងប្រទេសមីយ៉ាន់ម៉ា ព្រមទាំងការទទួលស្គាល់ជាអន្តរជាតិចំពោះនយោបាយការបរទេសឯករាជ្យ និងផ្អែកលើច្បាប់ របស់កម្ពុជា។

ជាទីបញ្ចប់ ក្នុងបរិបទនៃការប្រកួតប្រជែងដ៏ខ្លាំងក្លា និងភាពមិនប្រាកដប្រជានៅក្នុងទំនាក់ទំនងអន្តរជាតិ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់អំពីនយោបាយការបរទេស ដែលកម្ពុជានឹងបន្តប្រកាន់ខ្ជាប់។ ក្នុងចំណោមនយោបាយការបរទេសទាំងនោះ រួមមាន ការការពារផលប្រយោជន៍ស្នូលរបស់កម្ពុជា ដោយអនុលោមតាមរដ្ឋធម្មនុញ្ញ នយោបាយការទូតបុរេសកម្ម ដែលធានាអធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យ សន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការអនុវត្តនយោបាយការបរទេសឯករាជ្យនិងផ្អែកលើច្បាប់ ស្របតាមគោលបំណង និងគោលការណ៍នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងអាស៊ាន ព្រមទាំងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយដៃគូដែលមានស្រាប់ និងដៃគូថ្មីៗ៕