(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជួប សំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ សរុបជាង ១ពាន់នាក់។ ជំនួបសំណេះសំណាលនេះ នឹងធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។

ការប្រលងមធ្យមសិក្សាទុតិយភូមិ ឬហៅបាក់ឌុប ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនប្រលងជាប់មានចំនួន ៩០,៩៥០នាក់ ស្មើនឹងប្រមាណ ៧២.៣៣% នៃបេក្ខជនសរុប។

បេក្ខជនទទួលបាននិទ្ទេស A មានចំនួន ១,០៤៩នាក់, និទ្ទេស B មានចំនួន ៧,២៣២នាក់, និទ្ទេស C មានចំនួន ១៩,០៥៣នាក់, និទ្ទេស D មានចំនួន ៣១,១៦៦នាក់ និងនិទ្ទេស E មានចំនួន ៣២, ៤៥០នាក់។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំសិក្សា២០១៣-២០១៤ ដែលជាឆ្នាំសិក្សាធ្វើកំណែទម្រង់ការប្រលងមធ្យមសិក្សា ហៅថាបាក់ឌុប ដ៏តឹងរឹងបំផុតរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡានោះ សម្តេចតេជោ ហ៊ុន សែន តែងបានឆ្លៀតពីការងារដ៏មមាញឹកជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A។ តែនៅឆ្នាំសិក្សា២០១៩-២០២០ សម្តេចតេជោ ហ៊ុន សែន មានកម្មវិធីជួបសំណេះសំណាលនោះឡើយ ព្រោះសិស្សត្រូវបានឱ្យជាប់ដោយស្វ័យប្រវត្តិ ដោយមិនមានការបែងចែកនិទ្ទេសនោះឡើយ។

ការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ត្រូវបានគេមើលឃើញថា ជាការលើកទឹកចិត្តដ៏ធំធេងដល់សិស្សដែលបានប្រឹងប្រែងសិក្សារៀនសូត្រ។ មិនតែប៉ុណ្ណោះការផ្តល់កិត្តិយសរបស់សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក៏ជាចលករលើកទឹកចិត្តឱ្យសិស្សប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបានឱកាសដ៏កម្រក្នុងការជួបសំណេះសំណាលនឹងសម្តេចតេជោនាយករដ្ឋមន្ត្រី។

ក្នុងជំនួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្តេចតេជោ ហ៊ុន សែន តែងផ្តល់រង្វាន់លើកទឹកចិត្តដល់ពួកគេផងដែរ។ កាលពីឆ្នាំ២០២២ ក្នុងឱកាសជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A សម្តេចតេជោ ហ៊ុន សែន បានផ្តល់រង្វាន់ដល់ពួកគេមានដូចជា៖ ថវិកា ២លានរៀល, iPad (ជាការឧបត្ថម្ភរបស់ក្រុមហ៊ុនជីពម៉ុង), សៀវភៅអប់រំទូន្មាន ២ក្បាល (សៀវភៅ ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង) ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ (បោះពុម្ពឆ្នាំ ១៥១៤ ដែលបានស្រាវជ្រាវយក ពីប្រទេសហូឡង់មកវិញ) ចំនួន១។

សូមបញ្ជាក់ដែរថា ឆ្នាំ២០២២នេះ គឺជាឆ្នាំទី៨ហើយ ដែលលោក ហង់ ជួនណារ៉ុន បានចូលមកធ្វើកំណែទម្រង់នៅក្រសួងអប់រំ យុវជន និងកីឡា។ ជាពិសេសការធ្វើកំណែទម្រង់លើការប្រលងបាក់ឌុប នេះតែម្តង ជាហេតុធ្វើឱ្យសិស្សមានការភ្ញាក់រលឹកក្នុងការរៀន សូត្រឡើងវិញ ដោយមិនផ្តេកផ្តួលលើការលួចមើលវិញ្ញាសារ ពេលប្រលងទៀតនោះឡើយ។ ការធ្វើកំណែទម្រង់ដ៏ម៉ឹងម៉ាត់លើការប្រលងបាក់ឌុបនេះ ទទួលបានការសាទរខ្លាំងណាស់ផងដែរពីសិស្ស ក៏ដូចជាអាណាព្យាបាល។

ខាងក្រោមជាប្រវត្តិសិស្សទទួលបាននិទ្ទេស A ក្នុងការប្រលងក្រោមការធ្វើកំណែទម្រង់ដ៏តឹងរឹងនាឆ្នាំកន្លងមក៖

នៅ​ឆ្នាំ​២០១៤ បេក្ខជន​ជាប់​និទ្ទេស A មាន​ចំនួន ១១នាក់​។

ឆ្នាំ​២០១៥ បេក្ខជន​ជាប់​និទ្ទេស A មាន​ចួន ១០៨នាក់​។

ឆ្នាំ​២០១៦ បេក្ខជន​ប្រឡង​ជាប់​និទ្ទេស A មាន​ចំនួន ៤០៥នាក់។

​ឆ្នាំ​២០១៧ បេក្ខជន​ប្រឡង​ជាប់​និទ្ទេស A មាន​ចំនួន ៤២៤​នាក់។​

ឆ្នាំ២០១៨ បេក្ខជនប្រឡងជាប់និទ្ទេស​ A ២៩០នាក់។

ឆ្នាំ២០១៩ បេក្ខជនប្រឡងជាប់និទ្ទេស A ចំនួន ៤៤៣នាក់។

ឆ្នាំ២០២១ បេក្ខជនប្រលងជាប់និទ្ទេស A មានចំនួន ១,៧៥៣នាក់៕