(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញលិខិតកោះហៅឈ្មោះ លី សុខឆាយ ឲ្យចូលបំភ្លឺពាក់ព័ន្ធករណី «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» (សែកស្អុយ) ទឹកប្រាក់ចំនួន១៥,០០០ដុល្លារ។

យោងតាមពាក្យបណ្ដឹងដែលតំណាងដោយឈ្មោះ នុត រ័ត្នចិត្រា បានបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ឈ្មោះ លី សុខឆាយ បានប្រើកលល្បិចលួងលោមដើមបណ្តឹង ឲ្យផ្តល់ប្រាក់កម្ចីចំនួន១៥,០០០ដុល្លារ ដើម្បីពង្រីកអាជីវកម្ម ហើយបានអះអាងថា ក្នុងរយៈពេល៣ខែ ខ្លួននឹងប្រគល់ប្រាក់ឲ្យវិញគ្រប់ចំនួន។

ដោយមានការជឿទុកចិត្ត និងជួយដោយសុទ្ធចិត្តដើមបណ្តឹងក៏បានឲ្យឈ្មោះ លី សុខឆាយ ខ្ចីប្រាក់នេះដោយឥតការប្រាក់។ លុះដល់ថ្ងៃប្រគល់ប្រាក់ត្រឡប់ទៅឲ្យដើមបណ្តឹងវិញ ឈ្មោះ លី សុខឆាយ បានចេញមូលប្បទានប័ត្រ១សន្លឹក របស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) លេខ០០៣៥០៩ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ប៉ុន្តែនៅពេលដើមបណ្តឹងយក មូលប្បទានប័ត្រទៅបើកប្រាក់នៅធនាគារ ស្រាប់តែបុគ្គលិកធនាគារ បានប្រាប់ថា មូលប្បទានប័ត្រនេះ ពុំមានទឹកប្រាក់ក្នុងគណនីនោះទេ។ ហេតុដូច្នេះហើយ ទើបដើមណ្តឹងសម្រេចចិត្តប្តឹងទៅលើបុគ្គលឈ្មោះ លី សុខឆាយ នេះតែម្តង។

ក្នុងលិខិតអញ្ជើញរបស់នគរបាលព្រហ្មទណ្ឌ បានកំណត់ឲ្យឈ្មោះ លី សុខឆាយ ចូលបំភ្លឺនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣កន្លងទៅ ប៉ុន្ដែឈ្មោះនេះបានគេចវេសមិនចូលតាមការកំណត់នោះឡើយ។ បច្ចុប្បន្ននគរបាលកំពុងបន្ដនីតិវិធីលើករណីនេះ៕