(សៀមរាប)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះបានជួបសំណេះសំណាលជាមួយមន្រ្តី និងកម្លាំងប្រតិបត្តិការក្នុងគម្រោងមូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥ និងប្រកាសបើកប្រតិបត្តិការបោសម្អាតមីន ក្នុងគម្រោងមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥។

ពិធីនេះបានរៀបចំធ្វើឡើង នៅសារមន្ទីរសន្តិភាពសកម្មភាពមីន ខេត្តសៀមរាប នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣។

ការបើកប្រតិបត្តិការបោសម្អាតមីន ក្នុងគម្រោងមូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥ ត្រូវអនុវត្តក្នុងខេត្តកំពង់ធំ ប៉ៃលិន ព្រះវិហារ ពោធិ៍សាត់ និងខេត្តសៀមរាបជាមួយនឹងផែនការរំដោះផ្ទៃដីចំនួន ១០,៦០០ហិកតា។

លោក ហេង រតនា បានបញ្ជាក់ឲ្យដឹងថា ប្រតិបត្ដិការនេះមានកម្លាំងជំនាញនានារបស់អង្គភាពស៊ីម៉ាក់ចំនួនជិត ៦០០នាក់ ក្នុងនោះ មានសុនខហិតមីនចំនួន១៣ក្រុម កងអនុសេនាតូចគ្រឿងចក្រចំនួន២១កង និងក្រុមស្រាវជ្រាវ និងបោសសម្អាតមីនចំនួន៣៦ក្រុម។

លោក ហេង រតនា សូមគោរពសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបង្កើតមូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥ និងបានអនុម័តកញ្ចក់ថវិកាផ្តល់មកអង្គភាពស៊ីម៉ាក់ ដើម្បីធ្វើការបោសសម្អាតមីនផ្ទៃដី ដែលរងផលប៉ះពាល់ដោយសារគ្រាប់មីន ដើម្បីធ្វើយ៉ាងណាឲ្យសម្រេចបានគោលដៅកម្ពុជា អស់មីនឆ្នាំ២០២៥។

លោក ហេង រតនា បានលើកឡើងថា គោលដៅកម្ពុជាអស់មីនឆ្នាំ២០២៥ នឹងប្រែក្លាយទឹកដីសុវណ្ណភូមិមួយនេះរួចចាកផុតពីគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម។ លោកសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអាជ្ញាធរមីន ដែលបានសម្របសម្រួល និងគាំទ្រកិច្ចប្រតិបត្តិការរបស់អង្គភាពស៊ីម៉ាក់៕