(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងាររួមមានមន្ត្រីជំនាញ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គណៈអភិបាលខេត្ត មន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានចុះពិនិត្យស្ថានភាព នៃការដាំដុះដំណាំស្រូវរបស់កសិករដែលបានដាំដុះដំណាំស្រូវស្តារឡើងវិញ ក្រោយពីទទួលរងការខូចខាត ដោយសារទឹកជំនន់ទឹកភ្លៀងកាលពីចុងរដូវវស្សាឆ្នាំ២០២២ នៅសង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្នុងពេលចុះពិនិត្យ ទេសរដ្ឋមន្រ្តី គន់ គីម បានឲ្យដឹងថា តបតាមអនុសាសន៍របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្តីពីការត្រួតពិនិត្យលើផលប៉ះពាល់ដំណាំស្រូវ និង​ដំណាំរួមផ្សំ ដែលខូចខាតដោយសារទឹកជំនន់គឺចាំបាច់ ត្រូវពន្លឿន និងជំរុញនៃការបង្ក​បង្កើនផលរបស់ប្រជា​កសិករ​ក្នុងគ្រួសារនីមួយៗ។ បងប្អូនប្រជាកសិករបានសម្តែងនូវភាពសប្បាយរីករាយ យ៉ាងខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ដែលជានិច្ចកាលតែងតែនៅជាប់ជាមួយប្រជាកសិករ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋរស់នៅភូមិភូមិអូរគន្ធរត្បូង បានលើកឡើងថា ឆ្នាំនេះបងប្អូនកសិករសប្បាយចិត្តចំពោះតម្លៃស្រូវ និងការកាត់បន្ថយចំណាយលើសេវាផ្គត់ផ្គង់ទឹកធ្វើស្រែពី១៣០ដុល្លារ មកត្រឹម១០៥ដុល្លារ ក្នុង១ហិកតាក្នុង មួយរដូវ នៅពេលមានការផ្លាស់ប្តូរអ្នកផ្តល់សេវាកម្មផ្គត់ផ្គង់ទឹក ដែលបានជួយកាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនប្រាក់ចំណេញបានមួយកម្រិតថែមទៀត។

តាមរយៈលទ្ធផលនៃការចុះពិនិត្យ និងជួបពិភាក្សាជាមួយកសិករ ជាក់ស្តែង ឃើញថា ដំណាំស្រូវបានដុះលូតលាស់ល្អ និងបានចាប់ផ្តើមប្រមូលផលជាបណ្តើរៗហើយ។ កសិករទទួលបានទិន្នផលស្រូវពី៤តោន ដល់៦តោន ក្នុងមួយហិកតា បើគិតជាមធ្យម គឺ៥តោនក្នុង១ហិកតា។

ចំពោះតម្លៃស្រូវឆ្នាំនេះមានលក្ខណៈល្អប្រសើរ គឺជាមធ្យម១០០០រៀល/គីឡូក្រាម។ ចំពោះការចំណាយសម្រាប់ផលិតកម្មដំណាំស្រូវក្នុងមួយហិកតា ជាមធ្យមអស់ប្រមាណ៣លានរៀល។ ដូច្នេះ កសិករអាចទទួលបានប្រាក់ចំណូល ប្រមាណ៥លានរៀក្នុងមួយហិកតា និងចំណេញបានជាមធ្យមប្រមាណ២លានរៀល/ហិកតា។ តាមការគណនាទ្រួសៗ ប្រាក់ចំណូលរបស់កសិករពីការដាំដុះដំណាំស្រូវស្តារឡើងវិញទាំងអស់ ក្នុងខេត្តកំពង់ធំទទួលបានប្រមាណជិត១២លានដុល្លារ និងអាចរកផលចំណេញបានប្រមាណ៤,៨លានដុល្លារ។

គួររំលឹកដែរថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ប្រជាកសិករក្នុងខេត្តកំពង់ធំ ចំនួន ១១, ០២២ គ្រួសារ ទទួលបានគ្រាប់ពូជស្រូវរបស់រាជរដ្ឋាភិបាលតាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ចំនួន៩៥៩តោន សម្រាប់ធ្វើការដាំដុះស្តារឡើងវិញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕