(ភ្នំពេញ)៖ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន នឹងបើកទទួលការចុះឈ្មោះស្នើសុំបណ្ណសារព័ត៌មាន សម្រាប់ឆ្នាំ២០២៣ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ក្រសួងបានបញ្ជាក់ឱ្យម្ចាស់ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ទៅកាន់ Channel តេឡេក្រាម Media INB Group Support តាមរយៈ https://t.me/media_inb_group ដើម្បីពិនិត្យអំពីរបៀបនៃការចុះឈ្មោះ និងឯកសារដែលអ្នកស្នើសុំត្រូវបំពេញ។ បន្ទាប់មកសូមចូលទៅកាន់គេហទំព័រ https://media.inb.gov.kh ដើម្បីបំពេញលក្ខខណ្ឌស្នើសុំបណ្ណសារព័ត៌មានសម្រាប់ឆ្នាំ២០២៣។

ជាមួយគ្នានេះដែរ ក្រសួងព័ត៌មាន ក៏បានគូសបញ្ជាក់ថា សម្រាប់អង្គភាពធ្លាប់បានស្នើសុំបណ្ណព័ត៌មានក្នុងឆ្នាំ២០២២៖ មិនតម្រូវបំពេញព័ត៌មានទៀតនោះទេ គ្រាន់តែចូលទៅកាន់គណនីរបស់ខ្លួន និងភ្ជាប់នូវឯកសារដូចមានជម្រាបជូនក្នុងគម្រូឯកសារភ្ជាប់នៅក្នុងប្រព័ន្ធ និងធ្វើការចុះឈ្មោះជូនសមាជិក ក៏អង្គភាពរបស់ខ្លួនដោយភ្ជាប់តែអត្តសញ្ញាណប័ណ្ណ សម្រាប់ជនជាតិខ្មែរលិខិតឆ្លងដែន និងទិដ្ឋាការស្នាក់នៅមានសុពលភាព សម្រាប់ជនបរទេស។

ដោយឡែកសម្រាប់អង្គភាពពុំធ្លាប់ស្នើសុំបណ្ណព័ត៌មាន៖ ត្រូវចូលទៅបង្កើតគណនីថ្មី បំពេញបែបបទ និងភ្ជាប់ឯកសារ ដូចមានជម្រាបជូន ក្នុងគម្រូឯកសារភ្ជាប់នៅក្នុងប្រព័ន្ធ៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន៖