(ព្រះសីហនុ)៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឃុំបិតត្រាំង បានឃាត់ខ្លួនក្រុមចោរ៣នាក់ ដែលកំពុងលួចហ្រ្វង់ស្វ័រអគ្គីសនីរបស់រដ្ឋ នាវេលាម៉ោង ០១.១០នាទី រំលងអាធ្រាត្រ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុច​អូរត្រាវ ស្ថិតក្នុង​ភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងថា ជន​សង្ស័យទាំង ០៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបាន រួមមាន៖

*ទី១៖ ឈ្មោះ សុខ រ៉េត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិត​ប្រាកដ
*ទី២៖ ឈ្មោះ សុខ ចាន់ធី ភេទ​ប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ
*ទី៣៖ ឈ្មោះ សុខ ចាន់ធឿន ភេទប្រុស អាយុ១៨ឆ្នាំ មុខ​របរមិនពិតប្រាកដ។​

របាយការណ៍ បានបញ្ជាក់ថា ជន​សង្ស័យទាំង៣នាក់ មានស្រុកកំណើតភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។​ បច្ចុប្បន្នស្នាក់នៅភូមិ១ សង្កា​ត់១ ក្រុង-ខេត្តព្រះសីហ​នុ​។ បានធ្វើសកម្មភាពលួចកាត់យកដុំហ្រ្វង់ស្វ័រអគ្គីសនី ពីបង្គោលភ្លើងអគ្គីសនីដែលជារបស់រដ្ឋ។

វត្ថុតាងដកហូតរួមមាន៖ ពូថៅដងឈើចំនួន០១​ដើម, កាំបិតប័ុងតោចំនួន ០១​ដើម​, សោម៉ាឡេតចំនួន ០២, ឧបករណ៍ទំពួកសម្រាប់ផ្ដាច់ខ្សែរភ្លើងចំនួន ០១ដើម, ទុយយ៉ូរជ័រពណ៌ខៀវចំនួន ​០១ដើម, ម៉ូតូម៉ាក់ហុងដាឌ្រីម ពណ៌​គ្មានផ្លាកលេខ (ស៊េរីចាស់)​ ចំនួន០១គ្រឿងជាមធ្យោ​បាយប្រព្រឹត្តបទល្មើស, ទូរស័ព្ទម៉ាក់វីវ៉ូ ពណ៌ខៀវចំនួន ០១គ្រឿង, គ្រឿងអគ្គីសេនី (ហ្រ្វង់ស្វ័រ) មួយចំនួនធំ។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងកសាងសុំណុំរឿងតាមនីតិវិធីច្បាប់៕